ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ទទួលបានមន្ត្រីចំនួន៣៣៩រូបបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រមទាំងទទួលបានពាក្យប្តឹងចំនួន៣៦បណ្តឹង។
នៅក្នុងកិច្ចប្រជុំលើកទី៤១ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពអំពើពុករលួយ បានឱ្យដឹងថា សម្រាប់ការងារពាក្យបណ្ដឹង អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យបណ្ដឹងដែលមានក្នុងខែនេះសរុបចំនួន៣៦ និងបានបញ្ជូនសំណុំរឿងចំនួន០៤ ដែលមានជនសង្ស័យចំនួន ០៩រូប ទៅសាលាដំបូង ខេត្តតាកែវ និងរាជធានីភ្នំពេញ។
ឯកឧត្តមប្រធានអង្គភាពបានឱ្យដឹងទៀតថា ក្នុងខែនេះ មន្ត្រីចំនួន៣៣៩រូបបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន១៩៩រូប ដោយឡែកមន្ត្រី១៤០រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុបញ្ឈប់ពីការងារ លាឈប់ ចូលនិវត្តន៍ និងចប់អាណត្តិ។
ដោយឡែកបើយោងតាមរបាយការណ៍ខាងលើនេះបានឱ្យដឹងដែរថា អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមប្រធានបទនៃទិវាជាតិ អន្តរជាតិ ៩ធ្នូ ក្នុងឆ្នាំនេះគឺ “សេវា សាធារណៈល្អ រាស្ត្រស្រឡាញ់ គាំទ្រ” ដោយឡែកសកម្មភាពរបស់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយមានគោលដៅចម្បង ក្នុងការពង្រីកការផ្សព្វផ្សាយអំពីអត្ថន័យនៃទិវានេះ ដើម្បីបង្ក្រាបការយល់ដឹងអំពើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ សញ្ញាណនៃអំពើពុករលួយ ផលវិបាកនៃអំពើពុករលួយ យន្តការផ្សេងៗក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ ចូលរួម ផ្សព្វផ្សាយអភិក្រមទាំងប្រាំរបស់សម្តេចតេជោ ហ៊ុន សែន (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់) លើកកម្ពស់អភិបាលកិច្ច តម្លាភាព ភាពស្អាតស្អំក្នុងសង្គម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលក្នុងការពង្រឹងអភិបាលកិច្ចល្អនៅគ្រប់វិស័យ។
ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយក៏បានចូលរួមសង្កេតការណ៍ប្រឡងជ្រើសរើសចំនួន០៣ ដែលបានរៀបចំដោយក្រសួងមុខងារសាធារណៈ និងក្រសួងសាមីមាន៖ (១) មន្ត្រីកសិកម្មឃុំ សម្រាប់បម្រើការក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២) មន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់បម្រើការក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង(៣) សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ សម្រាប់សិក្សានៅសាលាភូមិន្ទរដ្ឋបាល។ ជាងនេះក៏បានបំពេញការងារចុះសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈចំនួន៣០គម្រោង របស់អង្គភាពលទ្ធកម្មចំនួន១១អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត៕