សម្ដេចបវរធិបតីប្រកាសចេញទុនសង់ផ្សារបឹងឈូកដែលឆេះឡើងវិញហើយប្រគល់សិទ្ធិកាន់កាប់អស់មួយជីវិតជូនអាជីវករ

0

ភ្នំពេញ៖ ការ​ប្រកាស​សង់​ផ្សា​របឹង​ឈូក​នៅ​ខេត្តបាត់ដំបង ជូន​អាជីវករ​ឡើង​វិញ បន្ទាប់​ពី​ឆេះ ហើយ​ផ្តល់​សិទ្ធិ​ឱ្យ​អាជីវករ​កាន់កាប់​តូប​អស់​មួយ​ជីវិត ក្រោយ​សាងសង់​ឡើង​វិញ​នេះ បាន​ធ្វើ​ឡើង នា​ឱកាស​ដែល​សម្ដេច​បវរ​ធិ​បតី​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ដោយសារ​មានការ​អំពាវនាវ​ពី​ទុក្ខ​លំបាក​របស់​អាជីវករ ហើយដោយ​សារ​ម្ចាស់​ផ្សា​របឹង​ឈូក ពុំ​មាន​លទ្ធភាព​សាងសង់​ផ្សារ​ថ្មី​បន្ទាប់​ពី​ឆេះ​ផង​នោះ ទើប​សម្រេច​ថា រដ្ឋ​នឹង​យក​ផ្សារ​នេះ​ពី​វិស័យ​ឯកជន​វិញ ហើយ​វិនិយោគ​ទៅ​លើ​គម្រោង​សាងសង់​ជា​ថ្មី​។

ទន្ទឹម​គ្នា​នេះ សម្ដេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ផ្សា​របឹង​ឈូក ត្រូវ​បាន​សាងសង់​ចប់​សព្វគ្រប់ សម្ដេច​នឹង​ប្រគល់​សិទ្ធិ​ជូន​អាជីវករ​កាន់កាប់​តូប​អស់​មួយ​ជីវិត ដោយ​ពុំ​តម្រូវ​ឱ្យ​មាន​បង់ថ្លៃ​ជួល​ប្រចាំខែ​ទៀត​នោះ​ឡើយ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ឈរ​នៅ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ មិន​ដូច​អ្នកខ្លះ​ញុះញង់​ពលរដ្ឋ​បង្កើត​បញ្ហា ហើយ​ឡើង​យន្តហោះ​រត់​ចោល​ពលរដ្ឋ​បាត់​នោះ​ទេ ។

សូម​រំលឹក​ថា ផ្សា​របឹង​ឈូក​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​មាន​កម្ពស់​២​ជាន់​សង់​អំពី​ថ្ម ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ ហើយ​បាន​កើត​អគ្គិភ័យ​កាលពី​យប់​ថ្ងៃ​ទី​៣​វិ​ច្ចិ​កា​ឆ្នាំ​២០២៤៕