រាជរដ្ឋាភិបាលលើកទឹកចិត្តគម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកនៅខេត្តព្រះសីហនុ តម្លៃ៤០លានដុល្លារ

0

ព្រះសីហនុ៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទនៅក្នុងខេត្តព្រះសីហនុដែលមានទុនវិនិយោគ ៤០លានដុល្លារ អាមេរិកទទួលបាន​ការ​លើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសពីរាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតី​នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុង​ខេត្តព្រះ​សីហនុ កាលពីរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា បានដឹកនាំកិច្ចប្រជុំពិភាក្សា​នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

អង្គប្រជុំបានពិនិត្យសម្រេចលើការស្នើរបស់ក្រុមហ៊ុនវិនិយោគឧស្សាហកម្មធុនធ្ងន់ផ្នែកកែច្នៃដែក ដែលមានសកម្មភាពអាជីវកម្ម រួមមាន ការពន្លា, ការច្រៀកដែកសន្លឹក និង ដែករនាប ដើម្បីកែច្នៃទៅធ្វើគ្រោង​ដែកផ្សេងៗ សម្រាប់បម្រើការក្នុងវិស័យសំណង់ ក្រោមទុនវិនិយោ​គប្រមាណ ៤០ លានដុល្លារ ។

សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជា​គោលការណ៍​ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ១៤០ គម្រោង រួចមកហើយ គិតត្រឹមខែ កញ្ញា ឆ្នាំ ២០២៤ ។ ដោយរាប់បញ្ចូល​ទាំងគម្រោងដែលទទួលបានការឯកភាពជាគោលការណ៍ គិតត្រឹមខែតុលា ឆ្នាំ ២០២៤, គម្រោងដែលទទួលបានគោលការណ៍​លើកទឹកចិត្តពិសេស សរុបមានចំនួន ១៦៥ គម្រោង រួមមានគម្រោង​ខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និង បរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះ គម្រោងដែលមានទុន​វិនិយោគលើសពី ១០០ លានដុល្លារ មានចំនួន ២៣ គម្រោង ។ ក្នុងចំណោមគម្រោងទាំង ១៦៥, គម្រោង​ពាក់ព័ន្ធនឹង​អគារជាប់គាំង មានចំនួន ៨៥, គម្រោងថ្មី មានចំនួន ៦១, ការពង្រីកគម្រោង មានចំនួន ១៥ និង គម្រោងមានស្រាប់ មានចំនួន ៤ ។ គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម ៕