អ្នកនាំពាក្យក្រសួងព័ត៌មានលើកឡើងថា ក្នុងបរិបទសង្គមឌីជីថលបច្ចុប្បន្ន គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមដ៏ធំមួយទាំងក្នុងប្រទេសកម្ពុជា និងលើពិភពលោក

0

ភ្នំពេញ៖ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ក្នុងបរិបទសង្គមឌីជីថលបច្ចុប្បន្ន គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមដ៏ធំមួយទាំងក្នុងប្រទេសកម្ពុជានិងលើពិភពលោក ជាពិសេសដោយសារការរីកសាយភាយយ៉ាងឆាប់រហ័សនៃព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ លើប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងសង្គម បូកផ្សំគ្នានឹងការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) បានជំរុញការសាយភាយព័ត៌មានក្លែងក្លាយកាន់តែមានឥទ្ធិពល ធ្វើឱ្យមានហានិភ័យខ្ពស់ប្រកបដោយគ្រោះថ្នាក់បំផុត ជះផលអវិជ្ជមានកាន់តែខ្លាំងឡើងដល់ស្ថិរភាព សន្តិសុខសង្គម និងសន្តិភាពដែលយើងទាំងអស់គ្នាខិតខំការពារនិងថែរក្សាតជំនាន់រហូតមកទល់ពេលនេះ។ ការលើកឡើងរបស់ឯកឧត្ដមបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តាញគម្រោងប្រព័ន្ធផ្សព្វ​ផ្សាយ​សន្តិភាព និងការកសាងសន្តិភាពសហគមន៍ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្ន មានប្រជាពលរដ្ឋច្រើនឡើង​បានចាប់យកមធ្យោបាយឌីជីថលដើម្បីទទួលព័ត៌មានប្រចាំថ្ងៃ ដែលនិន្នាការនេះបានបង្ហាញថាកម្ពុជាមានសិទ្ធិនិងសេរីភាពពេញលេញ ក្នុងការទទួលបានអ៊ីនធឺណិតប្រើប្រាស់នៅទូទាំងប្រទេស។ ឯកឧត្ដមបានបថ្លែងថា៖ «ពិតណាស់ វាបានផ្តល់នូវភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា ប៉ុន្តែវាក៏បាននាំមកនូវផលវិបាកជាច្រើនផងដែរ ព្រោះការចែកចាយនូវព័ត៌មាននានា រាប់ទាំងព័ត៌មានមិនពិតផង មានភាពលឿនឆាប់ដល់ដៃប្រជាពល​រដ្ឋតាមបណ្តាញទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុក តិកតុក យូធូប និងមធ្យោបាយអនឡាញផ្សេងទៀត ជាជាងតាមកាសែត ទូរទស្សន៍ វិទ្យុជាដើម ឬតាមប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈផ្សេងទៀត»។ ឯកឧត្ដមបានឱ្យដឹងទៀតថា លើសពីនេះ ការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួនដោយខ្វះក្រមសីលធម៌ បានធ្វើឱ្យឱ្យប៉ះពាល់ដល់ការជឿទុកចិត្តលើសារព័ត៌មាន ជះឥទ្ធិពលអវិជ្ជមានលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងអ្នកដែលអនុវត្តន៍ការងារតាមវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ។

ឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្នុងបរិបទនេះ អ្នកសារព័ត៌មានជាដៃគូមួយដ៏សំខាន់ក្នុងការរួមចំណែកក្នុងការពារសន្តិភាព និងលើកស្ទួយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រោះជាភ្នាក់ងារសកម្មក្នុងការពាំនាំនូវព័ត៌មាន ចំណេះដឹង ការអប់រំ និងការកម្សាន្ត ដោយផ្សព្វផ្សាយព័ត៌មានពិត ដោយការទទួលខុសត្រូវ ដើម្បីទទួលបាននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ជាងនេះទៀត អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គមឌីជីថល ព្រោះការផ្សាយពិតរបស់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណៈជនទូទៅ ខណៈព័ត៌មានក្លែងក្លាយបាននិងកំពុងរីកសាយភាយច្រើន​ឡើងជារៀងរាល់ថ្ងៃ។

បើតាមឯកឧត្ដមអ្នកនាំពាក្យរូបនេះបានឱ្យដឹងដែរថា សម្រាប់ប្រធានបទនាថ្ងៃនេះ គឺសមស្របនឹងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជាទើបបានបញ្ចប់កិច្ចប្រជុំសំខាន់ៗដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ ជាមួយសមាជិកសភា និងសារព័ត៌មានមកពីបណ្តាប្រទេសចំនួន៥៣លើពិភពលោកបានមកចូលរួមដើម្បីពិភាក្សា និងឯកភាពគ្នាលើវិធីសាស្ត្រនិងយន្តគន្លឹះដើម្បីការស្វែងរកការពារថែរក្សាសន្តិភាព និង​ការផ្សះផ្សារ។ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ ដោយបន្តពូនជ្រំសមិទ្ធផលសន្តិភាពពីអាណត្តិដឹកនាំមុនៗ បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារ និងថែរក្សាសន្តិភាពដែលកម្ពុជារកបានដោយលំបាក មិនឱ្យបាត់បង់ តែដាច់ខាតត្រូវបន្តការពារនិងធានាឱ្យនៅស្ថិតស្ថេរគង់វង្សជានិរន្តរ៍។ ឯកឧត្ដម ទេព អស្នារិទ្ធ បានថ្លែងបញ្ជាក់ថា ដោយសារកម្ពុជាមានសន្តិភាពពេញលេញនេះហើយ ទើបប្រជាពលរដ្ឋ និងជាតិកម្ពុជាទាំងមូលទទួលបានភាពរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សមួយ ហើយបានធ្វើឱ្យកម្ពុជាក្លាយខ្លួនជាម្ចាស់លើជោគវាសនារបស់ខ្លួន។ ដូច្នេះ បើនិយាយពីសន្តិភាព កម្ពុជាមានភាពចាស់ទុំយ៉ាងពិតប្រាកដ ប្រកបដោយបទពិសោធន៍យ៉ាងធំធេងក្នុងរយៈពេលជាង ៣ ទសវត្សរ៍មកនេះ ក្នុងនោះរាប់បញ្ចូលទាំងតួនាទីរបស់កម្ពុជាក្នុងការរួមចំណែកដល់ការថែរក្សាសន្តិភាពលើពិភពលោកនៅក្នុងក្របខ័ណ្ឌនៃបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ​។ ទាំងនេះ ក៏ជាការរួមចំណែកពីប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដោយពង្រឹងតួនាទីក្នុងនាមប្រជាពលរដ្ឋល្អប្រកបដោយការទទួលខុសត្រូវ គោរពសិទ្ធិសេរីភាពក្នុងក្របខណ្ឌច្បាប់និងព្រះរាជណាចក្រកម្ពុជានីតិរដ្ឋ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ លើកកម្ពស់ភាពចម្រុះ និងលើកស្ទួយសុខុមាលភាពនិងសុខដុមនីយកម្មសង្គម។

ក្នុងឱកាសនោះ ឯកឧត្ដម ទេព អស្នារិទ្ធ ក៏បានផ្តល់ជាអនុសាសន៍មួយចំនួន ក្នុងនោះ អ្នក​សារព័ត៌មាន​មាន​កាតព្វកិច្ច​ផ្តល់​ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ​ដើម្បីទទួលបានជំនឿ​ទុក​ចិត្ត​បានពីសំណាក់​សាធារណជន។ អ្នកសារព័ត៌មានត្រូវប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានាភាពថ្លៃថ្នូរ លើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន ដោយមនសិកាការពារផលប្រយោជន៍សាធារណៈ។ ជាមួយគ្នានេះ អ្នកសារព័ត៌មានត្រូវប្រើប្រាស់បណ្ណសម្គាល់អ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ដោយការទទួលខុសត្រូវ៖ សូមកុំដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមានក្នុងនាមអ្នកសារព័ត៌មាន។ ត្រូវគោរពតួនាទីនិងករណីយកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន។ អ្នកសារព័ត៌មានមិនមែនជាសមត្ថកិច្ច ឬតុលាការឡើយ។ បន្ថែមពីនេះទៀត អ្នកសារព័ត៌មានត្រូវដុសខាត់ជំនាញ ប្រកាន់ទម្លាប់រៀនសូត្រដើម្បីទទួលបានចំណេះដឹងថ្មី និងត្រូវស្វែងរកប្រភពព័ត៌មាននានាសម្រាប់ការសរសេរ ការផ្សាយព័ត៌មាន ដើម្បីជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ ព្រមទាំងរួមចំណែកក្នុងដំណោះស្រាយ ធ្វើឱ្យស្ថានភាពប្រសើរឡើង ជាជាងបង្កើតបញ្ហា ឬធ្វើឱ្យបញ្ហាណាមួយនោះកាន់តែធ្ងន់ធ្ងរទៅវិញ។លើសពីនេះទៀត អ្នកសារព័ត៌មានត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបំភ្លៃ ការក្រឡៃព័ត៌មានដោយចេតនាអាក្រក់បង្កឱ្យមានការរើសអើង ស្អប់ខ្ពើម ភាពចលាចល ឬការបែកបាក់ក្នុងសង្គម ដែលជាការដើរហួសគន្លងវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ជាធរមាន។ ត្រូវចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ខ្លឹមសារមានតុល្យភាពព័ត៌មាន ដោយផ្តល់សំឡេងដល់គ្រប់ភាគីពាក់ព័ន្ធក្នុងរឿងនីមួយៗ។

ឯកឧត្ដមអ្នកនាំពាក្យបានឱ្យដឹងបន្ថែមថា សម្រាប់ប្រជាពលរដ្ឋវិញ រាជរដ្ឋាភិបាលតែងលើកទឹកចិត្តឱ្យចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍មូលដ្ឋានខ្លួន និងចូលរួមពាំនាំនូវព័ត៌មានស្តីពីតម្រូវការ និងបញ្ហានានាក្នុងសហគមន៍ជូនដល់រាជរដ្ឋាភិបាលបានដឹងដោយសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋានពាក់ព័ន្ធ ដើម្បីរួមចំណែកធានាការអភិវឌ្ឍ និងដំណោះស្រាយនានាបានដល់ប្រជាពលរដ្ឋ។ ឯកឧត្ដមអនុរដ្ឋលេខាធិការរូបនេះបានបញ្ជាក់ផងដែរថា សម្រាប់ពលរដ្ឋគ្រប់រូបមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមចំណែកបន្តថែរក្សាសន្តិភាពដោយរួមគ្នាទប់ស្កាត់នូវហានិភ័យនានាដែលអាចបង្កផលអវិជ្ជមានប៉ះពាល់ដល់ការធានាស្ថិរភាព សុខសុវត្ថិភាពក្នុងសហគមន៍ និងសង្គមទាំងមូល។ «ចូលរួមបង្កើតបរិយាកាសល្អប្រសើរមានអំណោយផលដល់ការបន្តធានាវិបុលភាព សុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ។ ចូរយើងចងចាំថាសន្តិភាពគឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម សិទ្ធិមនុស្ស និងការបន្តការអភិវឌ្ឍប្រកបដោយនិរន្តភាពសម្រាប់ទាំងអស់គ្នា និងសម្រាប់ជាតិទាំងមូល។ ចូលរួមបណ្តុះស្មារតីប្រជាពលរដ្ឋ យុវជនឱ្យបង្កើនការស្រលាញ់ជាតិ មាតុភូមិ ជំរុញស្មារតីមនសិការជាតិនិងការសាមគ្គីជាធ្លុងមួយ ក្នុងការការពារនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារសេចក្តីថ្លៃថ្នូរនិងឧត្តមប្រយោជន៍ជាតិជាធំ ព្រមទាំងលើកតម្កើងវប្បធម៌ អរិយធម៌ ប្រពៃណីជាតិ។» នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្ដម ទេព អស្នារិទ្ធ។

ឯកឧត្ដម ទេព អស្នារិទ្ធ ក៏បានសង្កត់ធ្ងន់ថា៖ «សម្រាប់ការរស់នៅក្នុងសង្គមឌីជីថល ពលរដ្ឋម្នាក់ជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ ជាពលរដ្ឋឆ្លាតវៃមានការទំនួលខុសត្រូវ។ សូមបោះបង់ចោលទម្លាប់ចែកចាយព័ត៌មានលឿនពេក និងកុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ តែត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការនិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាព័ត៌មានពិត និងសុក្រឹត»។ ឯកឧត្ដមក៏បានជម្រាបជូនផងដែរថា រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវបរិយាកាសល្អសម្រាប់ការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍ និងបានប្រកាន់​នូវគោលជំហរហ្មឺងម៉ាត់បន្តលើកស្ទួយសេរីភាពខាងសារព័ត៌មាន ដោយស្មើភាព គ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ។

ក្នុងឱកាសនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានក៏សូមអរគុណចំពោះអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានទាំងអស់ ដែលបានខិតខំអស់ពីកំលាំងកាយចិត្ត យកចំណេះនិងជំនាញវិជ្ជាជីវៈ ដើម្បីផលិតនិងផ្សព្វផ្សាយព័ត៌មាន សម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមទាំងមូល និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ ទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន។ ឯកឧត្ដមបានអំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឱ្យបន្តប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសមត្ថភាពជំនាញឱ្យកាន់តែប្រសើរ និងកសាងទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះ មានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ៕