ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសជប៉ុន បានបើកសិក្ខាសាលាស្ដីពីការវាយតម្លៃថ្នាក់អប់រំកាយ ខេត្តបាត់ដំបងនាថ្ងៃ២៨ខែវិច្ឆិកា ក្រោយពីបានអនុវត្តន៍ចាប់តាំងពីឆ្នាំ២០២១ នឹងគ្រោង បញ្ចប់គម្រោង នៅឆ្នាំ២០២៥ខាងមុខនេះ នៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង ។
សិក្ខាសាលាវាយតម្លៃនេះ មានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូ អ្នកគ្រូ ផ្នែកអប់រំកាយតាមសាលាបឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិ នៃរដ្ឋបាលស្រុកចំនួន៥ នៅជាប់ព្រំដែនកមពុជា-ថៃ មាន ស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀង ស្រុកសំឡូត និងស្រុកបវេល ។
លោក ប៊ុន បូរ៉ាន់ ប្រធានការិយាល័យអប់រំកាយក្នុងនាមមន្ទីរអប់រំខេត្តលោកបាន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គការបេះដូងមាសជប៉ុន បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ដោយកំណត់យករាជធានី ខេត្តចំនួនបីសម្រាប់សាកល្បងលើវិជ្ជាអប់រំកាយ ដែលនៅប្រទេសជប៉ុនកំពុងដំណើរ ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា ទទួលបានជោគជ័យ តែសម្រាប់នៅកម្ពុជាយើង ត្រូវបានកំណត់យក រាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង ដើម្បីដំណើរការអនុវត្តកម្មវិធីអប់រំកាយ ។
លោក មុរិ ហិរុតាកា មន្ត្រីគម្រោង នៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ថ្លែងឲ្យដឹងថា៖ ហេតុតដែលនាំឲ្យមានសិក្ខាសាលានេះឡើង ដោយយោងអនុស្សរណៈ យោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ស្ថិតក្រោមកម្មវិធីភាពជាដៃគូ របស់ទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ហៅកាត់ថា JICA ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីគម្រោង “ អប់រំកាយសម្រាប់យើងទាំងអស់គ្នា “ គឺការសិក្សាគុណភាពអប់រំកាយ ចាប់ពីបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ ដែលត្រូវអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៥ ។
លោក ដុក គីរីរតន៍ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត បានឲ្យដឹងថា សិក្ខាសាលា ស្ដីពីការវាយតម្លៃថ្នាក់អប់រំកាយខេត្តបាត់ដំបងនៅពេលនេះក្នុងគោលបំណង ដើម្បីបានយល់ដឹងពីខ្លឹមសារ និងរបៀបបង្រៀនអប់រំកាយបែបថ្មី នៅបឋមសិក្សា និងមធ្យមសិក្សា, ដើម្បីយល់ពីនីតិវិធី និងវិធីសាស្ត្រក្នុងការផ្សព្វផ្សាយ និងអនុវត្តអប់រំកាយបែបថ្មី, ដើម្បីបញ្ជាក់ការយល់ដឹងរបស់សិក្ខាកាមលើវីដេអូផ្សព្វផ្សាយអប់រំកាយ តាមរយៈកម្រងសំណួរ, និងដើម្បីបញ្ជាក់ការយល់ដឹងអំពីអប់រំកាយបែបថ្មីតាមរយៈកម្រងសំណួរ ។
លោកបន្ថែមថាតាមរយៈសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញការពន្យល់អំពីតារាងវាយតម្លៃសម្រាប់ថ្នាក់បឋមសិក្សាដោយលោក ដុក គីរីរតន៍ និងសម្រាប់ថ្នាក់មធ្យមសិក្សាដោយលោក ដួង សុចិត្រ ថ្នាក់អនុវត្តគំរូមុខវិជ្ជារង បាល់ទះថ្នាក់ទី៣ ដោយអ្នកគ្រូ រ៉ម ស៊ីណែត សម្រាប់ថ្នាក់ទី៧ ថ្នាកើមុខវិជ្ជារង កាយសម្ព័ន្ធ ដោយលោកស្រី ប៊ិន ចាន់ថាវី ។ ក្រៅពីការធ្វើបទបង្ហាញក្នុងសាល ក៏មានចុះអនុវត្តផ្ទាល់លើទីលានសម្រាប់លោកគ្រូ អ្នកគ្រូចូលរួម ដើម្បីទទួលបានចំណេះដឹកពីសិក្ខាសាលា សម្រាប់យកទៅធ្វើការបង្ហាត់បង្រៀន ចែករំលែកបន្តតាមសាលា និងស្រុករៀងៗខ្លួន ឲ្យសិស្ស បានយល់ដឹងពីអត្ថប្រយោជន៍នៃការលេងកីឡា ក្នុងម៉ោងសិក្សា សំដៅឲ្យសុខភាពល្អ រាងកាយរឹងមាំ ព្រោះថាក្មួយៗនៅក្មេងលេងកីឡា និងធ្វើឲ្យកាយសម្បទារីកលូតលាស់ល្អ ប្រាជ្ញាវាងវៃ និងបញ្ចៀសបាននូវជំងឺដង្កាត់ផ្សេងៗ “ លេងកីឡាដើម្បីសុខភាព “ ។
សូមបញ្ជាក់ថា សិក្ខាសាលាពេលនេះជាការបង្ហាញនូវភាពជោគជ័យថ្មីបន្ថែមទៀតលើវិស័យអប់រំកាយ សម្រាប់ដាក់បញ្ចូលក្នុងកម្មវិធិសិក្សាចាប់ពីថ្នាក់បឋម ដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ។ នេះសបញ្ជាក់ឲ្យឃើញថា ការសាកល្បងលើខេត្ត រាជធានី គោលដៅទាំង៣ គឺជាចំណុចចាប់ផ្ដើមដំបូងរបស់គម្រោង នៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស រួចហើយដើម្បីឈានទៅបន្តទៅកានបណ្ដាខេត្តក្នុងទូទាំងប្រទេសកម្ពុជាយើង ៕