ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំពិធីប្រគល់-ទទួលសម្ភារបច្ចេកទេសអក្សរសម្ងាត់ សម្រាប់ឆ្នាំ២០២៤ រវាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស៊ា មុយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ និងលោក ហ្វាម មីញវី ប្រធាននាយកដ្ឋានវិទ្យាសាស្រ្តនិងបច្ចេកទេស នៃគណៈអក្សរសម្ងាត់រដ្ឋាភិបាល សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានវាយតម្លៃខ្ពស់ចំពោះ គណៈប្រតិភូ គណៈអក្សរសម្ងាត់ រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋាភិបាល នៃប្រទេសទាំងពីរ។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិបន្តថា ឈរលើកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក គណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា គឺពិតជាទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា ការផ្តល់នូវសម្ភារបច្ចេកទេសនៅពេលនេះ គឺពិតជាតម្រូវការចាំបាច់ដើម្បីបម្រើឲ្យការងារ សន្តិសុខ សុវត្ថិភាព ជាពិសេសជំនាញអក្សរសម្ងាត់ ដើម្បីរក្សាសន្តិសុខ និងការសម្ងាត់របស់ជាតិ។
តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលតែងតែផ្តល់នូវសម្ភារៈបច្ចេកទេសដ៏មានសារៈសំខាន់នេះ ដល់នាយកដ្ឋានអក្សរសម្ងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសង្ឃឹមថា ភាគីមិត្តនឹងបន្តផ្តល់ជូននូវសម្ភារៈនេះ និងបណ្តុះបណ្តាលកសាងសមត្ថភាពដល់នគរបាលជាតិកម្ពុជាផងដែរ ៕