ភ្នំពេញ៖ ការវាស់វែងកំណត់ព្រំដីជូនប្រជាពលរដ្ឋ គ្រោងចំណាយប្រមាណ ១០០លានដុល្លារ ហើយរំពឹងបញ្ចប់នៅក្នុងអាណត្តិនេះ។ នេះបើយោងតាមការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរៀបចំដែនដី ។ការរំពឹងថាការវាស់វែងកំណត់ព្រំក្បាលដីជូនប្រជាពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨នេះ គឺបន្ទាប់ពីការដោះស្រាយវិវាទដីធ្លី ដែលមានជិត ១ម៉ឺន ៦ពាន់ករណី បច្ចុប្បន្ននេះបានដោះស្រាយនៅសល់ប្រមាណ តែ ១ពាន់ករណីទៀតតែប៉ុណ្ណោះ ។ ហើយការដោះស្រាយបញ្ហាដីធ្លីនេះដែរ គឺឈរលើស្មារតីយោគយល់ និងដោយសន្តិវិធី។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីបញ្ចប់វិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ត្រូវតែវាស់វែងកំណត់ព្រំក្បាលដីរបស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ដែលរដ្ឋាភិបាល គ្រោងចំណាយប្រមាណ ១០០លានដុល្លារ ហើយរំពឹងបញ្ចប់នៅក្នុងអាណត្តិនេះ។ទន្ទឹមគ្នានេះ សម្តេចបវរធិបតី លើកបញ្ជាក់ថា ការវាស់វែងកំណត់ព្រំដី និងចេញប័ណ្ណជូនប្រជាពលរដ្ឋមិនត្រឹមបញ្ចប់ជម្លោះប៉ុណ្ណោះទេ តែក៏ក្លាយជាទ្រព្យរស់របស់ប្រជាពលរដ្ឋ និងជួយដល់ចរន្តសេដ្ឋកិច្ចផងដែរ។សូមបញ្ជាក់ថា ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទសន្និបាតនេះក៏មានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអភិបាលរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធដទៃទៀត ៕