សម្ដេចតេជោប្រធានព្រឹទ្ធសភា ស្នើឱ្យប្រជាពលរដ្ឋស្ងប់ស្ងាត់ ជុំវិញករណី “កោះគុត” តំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ

0

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ស្នើឱ្យប្រជាពលរដ្ឋស្ងប់ស្ងាត់ ជុំវិញករណី“កោះគុត” ដែលស្ថិតនៅតំបន់ត្រួតស៊ីគ្នារវាងភូមិសាស្ត្រខេត្តកោះកុង និងខេត្តត្រាត របស់ប្រទេសថៃ ទៅតាមការញុះញង់របស់ចលនាប្រឆាំងជ្រុលនិយមនោះ។

ក្នុងឱកាសអញ្ជើញបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយតំបន់នេះតាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រីថៃ ឆាប់ឆៃ ឈុនហាវ៉ាន់ នោះ បានចរចារពិភាក្សាជាមួយសម្ដេច លើបញ្ហាធ្វើអាជីវកម្មខួងយកប្រេងនៅតំបន់ត្រួតស៊ីគ្នានេះ ប៉ុន្តែកិច្ចការទាំងអស់មិនអាចឈានទៅមុខបានទេ។ សម្ដេចតេជោបានលើកឡើងថា ឆ្នាំ២០០១ យើងបង្កើតបានអនុស្សរណៈយោគយល់គ្នាមួយ រហូតមកដល់ពេលនេះមានរយៈពេល២៣ឆ្នាំហើយ មិនទាន់បានជជែកគ្នាលម្អិតណាមួយនៅឡើយទេ។ សម្ដេចតេជោគូសបញ្ជាក់ថា ឥឡូវនេះក្រុមជ្រុលនិយម គេកំពុងធ្វើដោយថាឱ្យប្រជាជនកម្ពុជាធ្វើបាតុកម្ម ដើម្បីរុញឱ្យរាជរដ្ឋាភិបាលឱ្យប្ដឹងទៅតុលាការអន្តរជាតិ។ តើនេះជាអ្វីទៅ ជាអំពើអ្វី ដែលម្ដងហើយម្ដងទៀត រុញឱ្យប្រជាជនមិនបានទទួលសេចក្ដីសុខណាមួយ តាមរយៈនៃការបង្កើតចលនាប្រឆាំង។ សម្ដេចតេជោលើកឡើងទៀតថា តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមនេះ ទៅជាក្រុមភេរវកម្ម ហើយ ឬនៅ។ នេះជាបញ្ហាដែលសម្ដេច និងអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យ ថាតើដល់ពេលហើយ ឬនៅ ព្រោះនេះ វាមានចរឹតជាការញុះញុង អុជអាល ដែលវាអាចនាំទៅដល់ការផ្ទុះអាវុធរវាងកម្ពុជា និងថៃតែម្ដង មិនគ្រាន់តែបញ្ហានៅផ្ទៃក្នុងកម្ពុជានោះទេ ក៏ប៉ុន្តែវាជារឿងអាចឈានទៅដល់ការផ្ទុះអាវុធ។ សម្ដេចតេជោបន្តថា យន្តការទំនាក់ទំនងកំពុងតែធ្វើដំណើរការ ដោយមិនទាន់ដល់ការសម្រេចចិត្តណាមួយទាំងខាងថៃ ទាំងខាងយើង មិនទាន់ឈានទៅដល់ការសម្រេចចិត្ដណាមួយទេ ហេតុអ្វីបានគេរុញធ្វើរឿងនេះ ហើយជំរុញឱ្យានបាតុកម្មនៅទូទាំងប្រទេស។

សម្ដេចតេជោប្រធានព្រឹទ្ធសភា ថ្លែងសង្កត់ធ្ងន់ថា៖ «សូមបងប្អូនប្រជាពលរដ្ឋពិចារណា ជ្រើសរើសយកមួយណា រវាងការញុះញុងឱ្យមានអំពើហិង្សា ទាំងក្នុងជាតិ និងជាមួយប្រទេសជិតខាង»។ សម្ដេចតេជោបានថ្លែងរម្លឹកថា ស្លាកស្នាមសង្គ្រាមនៅប្រាសាទព្រះវិហារ នៅប្រាសាទតាមាន់ តាក្របី មិនទាន់បានបញ្ចប់ផងទេ ការឈឺចាប់របស់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាប្រជាពលរដ្ឋថៃ ទៅលើការបាត់បង់ ប្ដីសី ឬការរបួសស្នាម នៅក្នុងសមរភូមិទាំងនេះ។ តែឥឡូវអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ និងអ្នកជ្រុលនិយមនៅកម្ពុជា ដែលជ្រកកោននៅប្រទេសក្រៅ តើគួរធ្វើរឿងនេះជាបន្តទៀត ឬក៏ត្រូវឱ្យវាមានសេចក្ដីសុខជាមួយគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ការដោះស្រាយនៅតែដោះស្រាយ ប៉ុន្តែត្រូវធ្វើដោយការចរចា យើងមិនទាន់ប្រើអស់លទ្ធភាពនៃការចរចាររវាងទ្វេភាគីនៅឡើយទេ។ តើដល់ពេលហើយ ឬនៅ ដែលយើងត្រូវនិយាយទៅកាន់តុលាការអន្តរជាតិ ហើយតើទៅកាន់តុលាការអន្តរជាតិវាគ្រប់គ្រាន់ ដើម្បីនឹងយកឈ្នះទេ មិនមែនជាបញ្ហាតូចតាចទេ ការមើលមុខគ្នាមិនត្រង់រវាងប្រទេសជិតខាង ដែលនៅជាមួយគ្នាមិនមែនជាបញ្ហាធម្មតាទេ៕