Home សង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ចំណុចខ្លាំងមួយរបស់កម្ពុជាគឺសង្គតិភាព និរន្តរភាព ​និងស្ថេរភាពនៃការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ចំណុចខ្លាំងមួយរបស់កម្ពុជាគឺសង្គតិភាព និរន្តរភាព ​និងស្ថេរភាពនៃការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវ

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ចំណុចខ្លាំងមួយរបស់កម្ពុជា គឺសង្គតិភាព និងនិរន្តរភាព ​និងស្ថេរភាពនៃការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវ ដែលជាកិច្ចការសំខាន់។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “យុទ្ធសាស្ត្របញ្ចកោណអាណត្តិទី៧នេះ យើងដាក់គោលដៅនៅតែមនុស្សជាអាទិភាពទី១ ថវិកាធំសម្រាប់នៅក្នុងការពង្រឹងក្នុងវិស័យអប់រំ ហើយយកចិត្តទុកដាក់ទៅលើគ្រូ ហេដ្ឋារចនាសម្ព័ន្ធ កែឆ្នៃ និងការបើកឱកាសចូលរួម ពីសកលវិទ្យាល័យឯកជនទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាបណ្តុះបណ្តាល” ។

ទាក់ទិននឹងការលើកឡើងរបស់ក្រុមប្រឆាំងនៅក្រៅស្រុក ដែលលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧នេះ គ្មានគោលនយោបាយអីប្លែកសោះនោះ សម្តេចធិបតី បានចោទសួរទៅវិញថា “ចង់ឱ្យធ្វើបដិវត្តន៍បានគេហៅថាប្លែក?” ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា “ចំណុចខ្លាំងមួយរបស់កម្ពុជា គឺសង្គតិភាព និងនិរន្តរភាព ​និងស្ថេរភាពនៃការអនុវត្តគោលនយោបាយ ដ៏ត្រឹមត្រូវសំខាន់ណាស់” ។

ជាមួយគ្នានេះ សម្តេចធិបតី បញ្ជាក់ថា “គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាគោលនយោបាយ ដែលអនុម័តដោយអង្គសន្និបាត​ របស់គណបក្សប្រជាជនកម្ពុជា ជាគោលនយោបាយ ដែលអនុវត្តមានប្រសិទ្ធភាព ហើយយើងធ្វើការ កែសម្រួលគោលនយោបាយរបស់យើង ផ្អែកទៅលើអ្វីដែលដើរ ។ បញ្ចកោណ បន្ថែមមួយមុំ ទៅលើចតុកោណ” ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ការធានាមួយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺការធានានូវនិរន្តភាព និងលំនឹងនៃការអភិវឌ្ឍប្រទេស ធានាបាននូវសុខសន្តិភាព ស្ថេរភាព គោលនយោបាយ ដែលមានភាពច្បាស់លាស់ ប្រាកដប្រជា និងលំនឹងនៃគោលនយោបាយ អនុវត្តកាន់តែមុតស្រួច មានប្រសិទ្ធភាព ដើម្បីជំរុញប្រទេសយើង ឱ្យអភិវឌ្ឍន៍កាន់តែរឹងមាំ នេះគឺជាកិច្ចការសំខាន់”៕

Previous articleសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ករណី «កោះគុត» រាជរដ្ឋាភិបាល ប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី ជាជាងប្រើយន្តការជម្លោះដោយប្រដាប់អាវុធ
Next articleអាជ្ញាធរខេត្តតាកែវ ប្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិក្សាឱ្យបានច្បាស់មុននឹងសម្រេចផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋ ជៀសវាងមានការប្ដឹងផ្ដល់រឹបអូសផ្ទះ