ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាសុខចិត្តលះបង់សេដ្ឋកិច្ចក្នុងសង្គម មិនសុខចិត្តឲ្យកម្ពុជាមានការបែកបាក់សាមគ្គី និងសង្គ្រាមដោយសារតែការញុះញង់ពីក្រុមពួកអគតិមួយក្តាប់តូចនោះឡើយ។ ត្រង់ន័យនេះ ត្រូវបានសម្តេចបានបញ្ជាក់ថា កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV គឺដើម្បីលុបបំបាត់មន្ទិលសង្ស័យពីបងប្អូនប្រជាពលរដ្ឋ។
ការគូសបញ្ជាក់របស់សម្តេច ប្រធានព្រឹទ្ធសភា បានធ្វើឡើងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
ជាមួយគ្នានេះពាក់ព័ន្ធទៅនឹងបញ្ហា កោះគុត សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ ប៉ុន្តែមានជនអគតិមួយក្តាប់តូច (ក្រុមក្បត់ជាតិ៣ជំនាន់) កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ។
សម្តេចតេជោបានមានប្រសាសន៍ បញ្ជាក់ទៀតថា ការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហាកោះគុតតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះមិនមែនជាការងាយស្រួលនោះទេ។
ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត ហើយសង្ឃឹមថាខាងអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ ក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។
សម្ដេចតេជោបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ជាមួយប្រទេសជិតខាង ជាក់ស្ដែងពេលនេះ ការបោះបង្គោលព្រំដែនជាមួយនឹងប្រទេសឡាវបានចំនួន ៨៦ភាគរយ ជាមួយវៀតណាមបានចំនួន ៨៤ ភាគរយ និងបានបោះបង្គោលព្រំដែនតូចៗបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋដែលទៅកម្សាន្តនៅតាមព្រំដែន ងាយឃើញងាយយល់ នឹងធ្វើឲ្យការរស់នៅតាមតំបន់ព្រំដែនកាន់តែមានភាពល្អប្រសើរ។
សម្ដេចតេជោបន្ថែមទៀតថា ក្រុមជ្រុលនិយមនៅកម្ពុជាជាក្រុមជ្រុលនិយមមិនធម្មតាដែលទាមទារឲ្យធ្វើច្បាប់ ដើម្បីដាក់ទោស និងការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា៕