ភ្នំពេញ៖ យោងតាមអង្គការពាណិជ្ជកម្មពិភពលោក បានអោយដឹងថា កម្ពុជាបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី ៨ លើការនាំចេញសម្លៀកបំពាក់ កើនឡើងពីចំណាត់ថ្នាក់ទី ១១ កាលពីឆ្នាំ ២០២១ ដែលរួមចំណែក ១.៦% ទៅកាន់ទីផ្សារពិភពលោក ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជា វៀតណាម ជាប់ចំណាត់ថ្នាក់លេខ៤ មានចំណែកទីផ្សា ៦.១% និង ឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ ៧ មានចំណែកទីផ្សា ១.៧%។
ប្រភពបានឱ្យដឹងទៀតថា ប្រទេសចិននៅតែឈលើចំណាត់ថ្នាក់លេខ១ មានចំណែកទីផ្សារដ៏សំខាន់ ៣១.៧% បន្ទាប់មកសហភាពអឺរ៉ុប ២៧.១% និងបង់ក្លាដែស មានចំណែកទីផ្សារ ៧.៩% ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ គឺជាវិស័យមួយដែលមានការរីកចម្រើនលឿនបំផុត ដែលមានចំនួនជាង ១/៣ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ ប្រទេសកម្ពុជាបាន ដាក់ចេញនូវផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា ឆ្នាំ២០២៣-២០២៤ ដើម្បីកែលម្អឧស្សាហកម្មវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ដែលជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់ពីកម្ពុជាបានកើនឡើង ២០.៨០% ដល់ ២.៥៩៦.៥១៤ លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ។
ប្រភពបានឱ្យដឹងទៀតថា នៅក្នុងខែមេសា ឆ្នាំ ២០២៤ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាបានកើនឡើង ១០.៣៥% ដល់ ៥៤៦.១៩១ លានដុល្លារ បើធៀបទៅនឹងខែដូចគ្នានៃឆ្នាំ ២០២៣ ត្រឹម ៤៩៤.៩២៤ លានដុល្លារ។
កំណើនដ៏គួរឱ្យចាប់អារម្មណ៍ក្នុងពាណិជ្ជកម្មវាយនភណ្ឌ និងកាត់ដេរក្នុងប្រទេសកម្ពុជា នេះ ត្រូវបានសន្មតថាដោយសារតែតម្រូវការសកលលោកកាន់តែខ្ពស់ ហើយសកម្មភាពនេះ គឺជាការអភិវឌ្ឍន៍ដ៏សំខាន់ចំពេលមានបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក។
សូមរំលឹកថា. កាលពីឆ្នាំ ២០២៣ ការនាំចេញសម្លៀកបំពាក់ពីប្រទេសកម្ពុជាបានធ្លាក់ចុះ ១២.៩១% មកនៅត្រឹម ៧,៨៦៨,៧៧៩ លានដុល្លារ ខណៈដែលកាលពីឆ្នាំ ២០២២ ការនាំចេញសម្លៀកបំពាក់កើនឡើង ១២.៦៩% ដែលឈានដល់ ៩.០៣៥ ពាន់លានដុល្លារ។
បច្ចុប្បន្ន សហរដ្ឋ អាមេរិក សហភាព អឺរ៉ុប ជប៉ុន កាណាដា និង ចក្រភព អង់គ្លេស ជា ប្រទេស សំខាន់ ៗ ដែល ទិញ សម្លៀក បំពាក់ ពីប្រទេសកម្ពុជា ៕