អេស្ប៉ាញ ស្នើឱ្យដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្របសម្រួលរៀបចំវេទិកាធុរកិច្ចមួយនៅកម្ពុជា

0

ភ្នំពេញ៖ ឯកឧត្តម Felipe De La Morena Casado ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​អេ​ស្ប៉ា​ញប្រចាំកម្ពុជាបានស្នើដល់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុង​ប្រទេស​កម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់​ធុរជនអេ​ស្ប៉ា​ញបន្ថែមទៀត។

សំណើនេះត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សា​ការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ម្សិលមិញ។

ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងជំនួបនាឱកាសនេះ ឯកឧត្តម Felipe De La Morena Casado បានបញ្ជាក់​អំពីការ​តាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារ​វិនិយោគរវាងកម្ពុជា និង​អេ​ស្ប៉ា​ញ។ បន្ថែមពីនេះ ឯកឧត្តម​ក៏បាន​លើកឡើងអំពីកង្វល់មួយចំនួនក្នុងកិច្ចការងារទាក់ទាញ និងជំរុញ​វិនិយោគ ជាទាមទារឱ្យកម្ពុជាពិនិត្យនិងសម្របសម្រួល​ដោះស្រាយ​ឱ្យបានកាន់តែល្អប្រសើរផងដែរ។ឯកឧត្តមឯកអគ្គរាជទូត ក៏បាន​ស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការ​ពិនិត្យលទ្ធភាព​សម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាប​ព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេ​ស្ប៉ា​ញបន្ថែមទៀត។

ឯកឧត្តម ក៏បានឆ្លៀតឱកាសនេះដើម្បីសាកសួរអំពីលទ្ធផល​នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៅកាន់​ប្រទេសអេ​ស្ប៉ា​ញ កាលពីខែមិថុនាកន្លងទៅផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនភ្ញៀវ​អំពីលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយផ្លែផ្កាដែល​ទទួល​បានពីបេសកកម្មគោះទ្វារវិនិយោគនៅប្រទេសអេ​ស្ប៉ា​ញ ដែល​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការ​រៀបចំជាមួយ​បណ្ដា​ក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​នូវការគាំទ្រ​យ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោងនឹង​បណ្ដាក់ទុនវិនិយោគនៅកម្ពុជានាឱកាសនា​មួយខាង​មុខផងដែរ៕