គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ដែលខូចខាតដោយទឹកជំនន់នៅខេត្តកំពង់ចាមកំពុងជំរុញសកម្មភាព

0

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជា​មួយក្រុមការងារ​ជំនាញ​ពាក់ព័ន្ធនៅថ្ងៃទី២០ ខែវិច្ឆិកានេះបាន​អញ្ជើញពិនិត្យ​សកម្មភាព​ស្តារឡើង​វិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន មួយចំនួន ដែលរងការ​ខូចខាតដោយសារទឹកជំនន់ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ ។សកម្មភាពស្ថាបនា ស្តារឡើងវិញនេះអនុវត្តដោយ​ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំង​គម្រោង​របស់ដៃគូ។

តាមរបាយការណ៍ដែលបង្ហាញជូនឯកឧត្តមអភិបាលខេត្តក្នុងពេលពិនិត្យជាក់ស្តែងបានឱ្យដឹងថា គម្រោងការស្តារហេដ្ឋារចនា​សម្ព័ន្ធ​ដែលកំពុងអនុវត្ត​មានចំនួន៨គម្រោង ។១.គម្រោងផ្លូវ​ដីក្រាល​ក្រួស​ក្រហម១ខ្សែ ប្រវែង ៨០០ម៉ែត្រ ,ទទឹង ៦ម៉ែត្រ ស្ថិតនៅ​ភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ជួសជុលបន្ទាន់ ដោយមន្ទីរ​អភិវឌ្ឍន៍​ជនបទខេត្ត ។ ២.គម្រោងសាងសង់ស្ពានបេតុង ១កន្លែង មានទំហំ ៣០ គុណនឹង ៨ម៉ែត្រ ស្ថិតនៅភូមិវាលត្រដក់ពង ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ ៣.គម្រោង​សាង​សង់ផ្លូវបេតុង និងក្រាលកៅស៊ូ ២ជាន់ ១ខ្សែ ស្ថិតនៅភូមិពព្រេង និងអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ប្រវែង ៦.០០០ម៉ែត្រ ,ទទឹង ៦ម៉ែត្រ ជាគម្រោង (SAABAT) ។ ៤.គម្រោងសាងសង់ផ្លូវក្រាលបេតុង និងក្រាលកៅស៊ូ ២ជាន់ ១ខ្សែ ស្ថិតនៅភូមិថ្នល់បែក-បុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ប្រវែង១១.៥២០ម៉ែត្រ ,ទទឹង ៦ម៉ែត្រជួសជុលបន្ទាន់ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។៥.គម្រោង​ផ្លូវបេតុង និងកៅស៊ូ ២ជាន់ ១ខ្សែ ស្ថិតនៅឃុំខ្វិតធំ ព្រៃឈរ និងឃុំ​បារាយណ៍ ស្រុកព្រៃឈរ មានប្រវែង ៧.៧០០ម៉ែត្រ ,ទទឹង ៦ម៉ែត្រ ជាគម្រោង (CFACV) ។ ៦.គម្រោងជួសជុលផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៣.០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិសន្ទិចកើត សន្ទិចកណ្តាល​និង​ភូមិសន្ទិចលិច ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ។ ៧.គម្រោង​ជួសជុលផ្លូវDBST ១ខ្សែ ប្រវែង ១១.៣២០ម៉ែត្រ ,ទទឹង ៦ម៉ែត្រ ស្ថិតក្នុង​ឃុំស្វាយទាប ឆ្ពោះទៅឃុំចំការអណ្តូង និងសាង​សង់ផ្លូវ​​បេតុងអាមេ ៨០០ម៉ែត្រ,ទទឹង ៦ម៉ែត្រ ស្រុកចំការលើ និង៨.គម្រោង​ជួស​ជុលផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១.៦៥០​ម៉ែត្រ,ទទឹង ៥ម៉ែត្រ ,លូកាត់ផ្លូវ ២កន្លែង នៅភូមិបឹងសេកយំ និងភូមិជ្រេស ឃុំព្រៃ​ឈរ ស្រុកព្រៃឈរ ។

សូមជម្រាបដែរថា ហេដ្ឋា​រចនាសម្ព័ន្ធមួយចំនួនក្នុងស្រុកស្ទឹងត្រង់ ដែលបានរងខូចខាតក្នុងកំឡុងពេល​មាន​ទឹកជំនន់​ដូចជាផ្លូវ ស្ពាន ។ចំណែកស្រុក​ចំការលើ និងស្រុកព្រៃឈរ ក៏មានផ្លូវមួយចំនួន បានទទួលរងការខូច​ខាតផងដែរ ។

ជាលទ្ធផលមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ទាំងនោះកំពុងត្រូវបាន​ស្ថាបនា ស្ដារឡើងវិញ ដោយកន្លែងខ្លះ បានស្ថាបនារួចរាល់ និងចំណុចខ្លះទៀត កំពុងតែបន្តស្ថាបនាឡើងវិញ ៕