បន្ទាប់ពីចំណាយពេល៧ខែ អ្នកជំនាញបញ្ចប់ការងារជួសជុល​ចម្លាក់ក្បាលមករ នៅទំនប់បុរាណ

0

សៀមរាប៖ ប្រព័ន្ធបង្ហូរទឹកបុរាណជាចម្លាក់សត្វមករ ដែលអាជ្ញាធរជាតិអប្សរាបាន​ចាប់ផ្តើមជួសជុលដំណាក់កាលទី១ នាពាក់កណ្តាល​ខែឧសភា​កន្លងទៅ បានបញ្ចប់ដោយជោគជ័យនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ចម្លាក់សត្វមករនេះ មានទីតាំងនៅទំនប់ទឹកមុជ ជាទំនប់ទឹកបុរាណ ស្ថិតនៅក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាជ្រុងនិរតីចម្ងាយប្រមាណ៣​គីឡូ​ម៉ែត្រពីប្រាសាទបេងមាលា ។

អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់លើ​បណ្ដាញសង្គមផ្លូវការរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៩ ខែវិច្ឆិកា ដោយពណ៌នាលើការងារជួសជុលប្រព័ន្ធបង្ហូរទឹកចម្លាក់សត្វមករ ក្នុងដំណាក់កាលទី១ ក្នុងប្រវែង១៨ម៉ែត្រ។អ្នកស្រីបាន​បញ្ជាក់ថា​ ដើម្បីជួសជុលប្រព័ន្ធបង្ហូរទឹកនៃចម្លាក់សត្វមករនេះឡើងវិញ ក្រុម​ការងារបានសម្រង់ប្លង់ថ្មរាយប៉ាយ កំណាយស្រាវជ្រាវ ចុះបញ្ជីថ្ម ជួសជុលពង្រឹងថ្មដែលខូចខាត និងរៀបចំដងខ្លួនសត្វមករតាមលំនាំ​ដើមឡើងវិញ។ លើសពីនេះ ក្រុមការងារបាន​សិក្សា​គ្រឹះធ្វើយ៉ាងណា​ឱ្យចម្លាក់សត្វមករនេះរឹងមាំយូរអង្វែង ដោយការពារនូវការហូរ​ច្រោះ​នៃទឹក ដែលជាបញ្ហាចម្បងនៃការបំផ្លាញរចនា​សម្ព័ន្ធនៃចម្លាក់​សត្វមករកទាំងមូល។

មុនជួសជុលស្ថានភាពនៃចម្លាក់សត្វមករ ថ្មនៃដងខ្លួនបានចល័ត​ចេញពីទីតាំងដើម នៅរាយប៉ាយជាមួយថ្មធម្មជាតិ លែងមាន​តួនាទីជាប្រព័ន្ធបង្ហូរបន្តទៀត ដោយសារកត្តាអាយុកាល ពុំមាន​ការថែទាំ ជាពិសេសការហូរច្រោះនៃទឹកបំផ្លាញគ្រឹះ និងរំកិលថ្ម​ធម្មជាតិដែលទ្រដងខ្លួនមករជាដើម។អ្នកជំនាញដដែលបានបន្ថែមថា ប៉ុន្តែ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុល​​លើកតម្លៃ​ចម្លាក់សត្វមករទោល ដែលមានទំហំធំ និងកម្របានរួចរាល់ឡើងវិញ ដោយភ្ញៀវទេសចរអាចមកទស្សនាស្វែងយល់។ ក្រៅពីទំនប់ទឹកមុជ និងចម្លាក់សត្វមករ ទីនេះក៏មានការដ្ឋានយកថ្មទៅកសាងប្រាសាទ​នៅសម័យបុរាណផង។

សូមជម្រាបថា ស្របពេលជាមួយការជួសជុលចម្លាក់សត្វមករនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំកែសម្រួលផ្លូវចូលមកទីតាំងនេះ អាចធ្វើដំណើរបានដោយងាយស្រួលដែរ៕