មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចប្រៀបធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត

0

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានគូសបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមធ្យម មួយគីឡូស្រូវសើមថ្លៃមិនក្រោម ១០០០៛ឡើយ។ ចុះហេតុអ្វីបានជាអ្នកខ្លះថាត្រឹមតែ៩០០៛ ហើយខ្លះទៀតបែរជាថារហូតដល់ ១៣០០៛?

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេប៊ុក ឯកឧត្តមអនុរដ្ឋលេខា បានគូសរំលេចថា យើងមិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចប្រៀបធៀបជាមួយស្រូវសែនក្រអូបឬស្រូវផ្ការំដួលបានទៅទៀត។ ប្រភេទស្រូវអង្ករស-បាយរឹង ដូចជាស្រូវនាងអំ នាងអុក ឬក្រសាំងទាប ជាធម្មតា ថ្លៃតែងស្ថិតក្នុងរង្វង់៩០០៛ជារៀងរាល់ឆ្នាំទៅហើយ វាមិនចម្លែកទេ ព្រោះមានថ្លៃដើមទាប មិនចំណាយច្រើនដូចពូជស្រូវផ្សេងឡើយ។

មន្ត្រីជាន់ខ្ពស់ខាងលើ បានរំលឹកថា ថ្លៃស្រូវឆ្នាំ២០២៣គឺជាករណីពិសេសមួយ ដែលឥណ្ឌាបិទការនាំចេញអង្ករ និងធ្វើឱ្យថ្លៃស្រូវហក់ឡើង២០%-៣០%ភ្លាមៗ។ ការវិលទៅរកប្រក្រតីភាពនៃថ្លៃស្រូវក្នុងឆ្នាំនេះ មិនបានធ្វើឱ្យកសិករខ្មែរខាតបង់នោះទេ ហើយតាមពិតទៅ ថ្លៃស្រូវឆ្នាំ២០២៤ ល្អជាងថ្លៃកាលពីឆ្នាំ២០២០ ២០២១ និង២០២២ ទៅទៀតផង។

ឯកឧត្តម បានបន្តថា នៅមានកត្តាផ្សេងៗទៀត ដែលតែងត្រូវបានយកមកធ្វើឱ្យមានការយល់ច្រលំ ដូចជាស្រូវដែលមានគុណភាពក្រោមស្តង់ដា ឬស្រូវលក់ក្នុងបរិមាណតិចតួចនៅតំបន់ដែលមានទីតាំងដាច់ស្រយាលជាដើម។

ថ្នាក់ដឹកនាំក្រសួងខាងលើថា អ្នកដែលបំផុសថា «បើថ្លៃស្រូវទាបជាង១០០០៛ ទូរស័ព្ទទៅលេខ១២៨៩» គឺមានចេតនាធ្វើឱ្យមានការយល់ច្រលំ ច្រើនជាងចង់ផ្តល់ព័ត៌មានពិតជួយដល់កសិករយើង។

ឯកឧត្តម ឃឹម ហ្វីណង់ បានក្រើនរំលឹកដល់មន្រ្តីកសិកម្មឃុំនៅតាមមូលដ្ឋាន ឱ្យបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលជូនបងប្អូនកសិករ លើបញ្ហាទីផ្សារនិងតម្លៃស្រូវ ហើយប្រសិនបើនៅមានចម្ងល់អ្វីពាក់ព័ន្ធនឹងចំណុចទាំងនេះ អាចទំនាក់ទំនងសុំព័តមានបន្ថែមពីលេខទូរស័ព្ទ«១២៨៩»។

គួរជម្រាបជូនថាក្នុងរយៈពេល ១០ខែ ​ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករ​​ប្រមាណ ៥០៧ ០២៩តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ប្រមាណ៣៧៦.៦៣លានដុល្លារសហរដ្ឋអាមេរិក។ ជាមួយគ្នាននោះប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ០៣៦ ៣៣៦ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ១៨៤.១៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕