ពិធីបុណ្យអុំទូកបានក្លាយទៅជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញ

0

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៤វិច្ចិកាមក បរិយាកាសនៅតំបន់ជាប់មាត់ទន្លេ ពីវត្តភ្នំរហូតទៅដល់តំបន់កោះពេជ្រ មានសភាពអឹកកធិកលាយលំជាមួុយសំឡេងកងរំពង។ ឈានចូលថ្ងៃទី១៥វិច្ចិកានេះ ដែលជាថ្ងៃទី២នៃពិធីបុណ្យអុំទូក ភាពកក់ស្ទះកាន់តែកើនឡើង។

ពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ បានដំណើរការយ៉ាងដំណើរយ៉ាងរលូន មានមហាជនចូលរួមច្រើនកុះករ ជាមួយសេចក្តីសប្បាយរីករាយ។ ប្រជាពលរដ្ឋមកពីតាមខេត្តនានាមកចូលរួមស្រែកគាំទ្រកីឡាករប្រណាំងទូកដែលមកពីភូមិស្រុករបស់ខ្លួន ដែលរៀបចំឡើងនៅទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង ក្រោមអធិបតីភាពព្រះមហាក្សត្រខ្មែរនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិ។

ពិធីប្រណាំងអុំទូករាប់រយគូ ជាមួយកីឡាកររាប់ពាន់រាប់ម៉ឺននាក់នេះ បានបង្កើតបរិយាកាសសើចសប្បាយ ស្រែកហ៊ោ កញ្ជៀវ ទឹកមុខមាត់ស្រស់ស្រាយបើទោះបីជាស្ថិតនៅក្រោមកំដៅថ្ងៃយ៉ាងណាក្តី។ នៅក្នុងនោះ គេសង្កេតឃើញវត្តមានភ្ញៀវទេសចរអន្តរជាតិជាច្រើនជាតិសាសន៍ក៏បានមកចូលរួមច្រើនកុះករដែរ ដើម្បីចង់ដឹង ចង់ស្គាល់ពីពិធីបុណ្យអុំទូករបស់ខ្មែរ។

កត្តានេះបានធ្វើអោយពិធីបុណ្យអុំទូកបានក្លាយទៅជាព្រឹត្តិការណ៍ទេសចរណ៍ដ៏មានប្រជាប្រិយភាព ដែលបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១ ម្សិលមិញនេះមានភ្ញៀវទេសចរអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណជាង១លាន១សែននាក់ ប្រកបដោយទឹកមុខ ញញឹម សើចសប្បាយរីករាយ។

យោងតាមក្រសួងទេសចរណ៍បានអោយដឹងថាបរិមាណភ្ញៀវទេសចរអន្តរជាតិបានងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងអំឡុងឆ្នាំដែលរាតត្បាតដោយជំងឺកូវិត១៩៕