ការងារ «វះកាត់» របស់រាជរដ្ឋាភិបាល បានអនុវត្តទៅមុខ ហើយទទួលបានការគាំទ្រពីមហាជន

0

ភ្នំពេញ៖ ចាប់តាំងពីដើមរាជរដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី៧មក គេឃើញប្រមុខរដ្ឋាភិបាលសម្តេចបវរធិបតីហ៊ុនម៉ាណែត បានយកអភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី យកមកអនុវត្តចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិតដើម្បីពិនិត្យនិងកែលម្អខ្លួនជាប្រចាំឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាជន។

ទន្ទឹមនេះសម្តេចបវរធិបតីក៏បានអំពាវនាវអោយមន្ត្រីរបស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ ត្រូវប្រកាន់ខ្ជាប់ នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងកុំអោយមានការឈានទៅដល់ការអនុវត្តអភិក្រមទី៥។

ទោះជាយ៉ាងណាក្តី នៅក្នុងការអនុវត្តអភិក្រមទាំង៥នេះ គេឃើញ អភិក្រមទី៥ ហាក់បានចេញដំណើរទៅមុខ ដោយបាន«វះកាត់»ជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំ២០២៤មក។

ដូចជាករណី “ការវះកាត់” ដើម្បីបញ្ចប់មុខតំណែងរបស់លោក ខេង យ័ន អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្ត អំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។

បន្ទាប់មកទៀតសម្តេចបវរធិបតី កាលពីខែមេសា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យមួយ បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ាំ ស៊ីងម៉ៅ ពី ប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។

ហើយកាលថ្ងៃទី១៧ តុលា លោក ស ប៊ុនសឿន ត្រូវបានលុបឈ្មោះ និងការបញ្ចប់តួនាទីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនក្រោយរកឃើញករណីជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់ក្នុងខេត្តប៉ៃលិនកាលពីខែសីហាកន្លងទៅ។

ឈានចូលខែវិច្ចិកានេះ សកម្មភាព«វះកាត់»ហាក់បានធ្វើឡើងផ្ទួនៗគ្នាដូចជាករណី លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាលត្រូវបានឃាត់ខ្លួនក្នុងសំណុំរឿងបានសូកប៉ាន់លុយចំនួន ៣០ម៉ឺនដុល្លារ ដើម្បីចង់បានតំណែងជាចៅហ្វាយក្រុងអរិយក្សត្រ។

ជាមួយគ្នានេះលោក ឡាយ វិសិដ្ឋអភិបាលរងខេត្តពោធិ៍សាត់ ត្រូវបានបាត់បង់តំណែងហើយត្រូវបានតុលាការឃុំខ្លួនទៀតក្រោយរកឃើញថាបានល្មើសច្បាប់ស្តីពីសហលក្ខខណ្ឌន្តិកៈមន្ត្រីរាជការ ដោយបានប្រព្រឹត្តិអំពើសូកប៉ាន់រត់ការក្នុងទឹកប្រាក់៥៧ម៉ឺនដុល្លារ ដើម្បីចង់បានតំណែងជាអភិបាលខេត្ត ។

បើទោះបីមន្ត្រីីខ្លះកន្លងមកប្រើវិធីសូកប៉ាន់ដើម្បីបានឡើងតំណែង ហើយយកតំណែងនោះទៅស្រង់ដើម ក៏ជួបឧបសគ្គដែរ។ ដូចករណី ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា កាលពីខែឧសភាត្រូវបាន សម្ដេចបវរធិបតីចេញអនុក្រឹត្យដកតំណែងដោយសារបានសាងកំហុសពេលចុះធ្វើ បំពេញការងារនៅស្រុកសាមគ្គីមុនីជ័យ ក្នុង ខេត្តកំពង់ស្ពឺ ដោយយកលុយពីឃុំចំនួន១០ ក្នុងស្រុកនេះ ក្នុងមួយឃុំប្រមាណ ១លាន រៀល។

ទន្ទឹមនេះ លោក ដួង តារា ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានបញ្ចប់មុខតំណែង និងលោក មួង ឃីម ជាអតីតមន្ត្រីនគរបាលពាក់ផ្តាយ ៣ មានតួនាទីជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ក៏ត្រូវតុលាការឃុំខ្លួនក្នុងចោទប្រកាន់អំពីបទ « ឆបោក » ដែរ។

ការអនុវត្ត«វះកាត់»នៅពេលនេះ បានក្លាយជាគំរូ ក៏ដូចជាការពញ្ញាក់សា្មរតីថ្នាក់ដឹកនាំ មន្ត្រីរាជការ អោយតាំងចិត្តស្មោះត្រង់ បំពេញការងារដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

ដើម្បីអនុវត្តអភិក្រមនេះអោយបានជោគជ័យមន្ត្រីម្នាក់ៗត្រូវ ឆ្លុះកញ្ចក់ រួចងូតទឹក និងដុសក្អែល ហើយត្រូវព្យាបាល ។ ប្រសិនបើបំពេញការងារខាងលើនេះមិនបានល្អនោះទេ នោះរដ្ឋាភិបាលប្តេជ្ញានិងបានអនុវត្តជាក់ស្តែងហើយគឺត្រូវតែ«វះកាត់ »។

ការងារ«វះកាត់»របស់រាជរដ្ឋាភិបាលនេះ បានជួយការពារគុណតម្លៃមន្ត្រីរដ្ឋាភិបាល ជួយផ្តល់ភាពជោគជ័យរបស់អាណត្តិរាជរដ្ឋាភិបាល ដែលលទ្ធផលនេះពិតជាទទួលបានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕