កំពង់ចាម៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ការពិនិត្យរបស់ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF បង្ហាញថា ផ្សោតនេះមានលេខកូដសម្គាល់ ០៤៣ មានប្រភពពីតំបន់អន្លង់កាំពី ខេត្តក្រចេះ អាយុប្រមាណ២៨ឆ្នាំ ភេទញី ប្រវែង២,៣៥ម៉ែត្រ ទំងន់១១៥គីឡូក្រាម គ្មានធ្មេញ និងពុំមានស្លាកស្នាមលើដងខ្លួន។ ក្រុមការងារបានវះពិនិត្យក្រពះ ឃើញថាពុំមានអាហារ និងមានដំបៅក្នុងក្រពះ។ ផ្អែកលើទិន្នន័យខាងលើ ក្រុមការងារបានសន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយវ័យចាស់ជរា។នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
គួរកត់សម្គាល់ថា ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ មានកូនផ្សោត ៩ក្បាល បានកើតថ្មី និងផ្សោត ៤ក្បាលបានស្លាប់។ តាមរយៈការធ្វើជំរឿនចុងក្រោយបង្អស់នាឆ្នាំ២០២៤នេះ កម្ពុជាមានសត្វផ្សោតប្រមាណ ១០៤ក្បាល កំពុងរស់ក្នុងអន្លង់តាមដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ជារតនៈសម្បត្តិធម្មជាតិមានជីវិត។ ចំពោះមុខ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង និងអង្គការ WWF បន្តពង្រឹងកិច្ចការពារឱ្យបានម៉ឺងម៉ាត់ ដោយដាក់ឆ្មាំទន្លេយាមល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ឱ្យបាននូវការប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ក្នុងតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន មេត្តាសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍មងក្នុងអន្លង់ផ្សោតនិងឧបករណ៍ឆក់ត្រី តាមរយៈលេខទូរស័ព្ទផ្តល់ព័ត៌មាន៖ ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ / ០១២ ៨៩៧ ៩៤៣។