កោះកុង៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន (CAPFISH-Capture) របស់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិឬ ហ្វាវ (FAO) ដែលទទួលបានជំនួយថវិកាពីសហភាពអឺរ៉ុប (EU) បាននិងកំពុងគាំទ្រដល់រដ្ឋបាលជលផលនូវបច្ចេកទេសថ្មីក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា (VMS)។ រដ្ឋបាលជលផលបានបំពាក់រួចរាល់ចំនួន ៨០០ គ្រឿងនាពេលថ្មីៗនេះលើនាវាខ្នាតមធ្យម និងខ្នាតវែង និងបន្តបំពាក់ចំនួន៨០០គ្រឿងបន្ថែមទៀតឱ្យសម្រេចរួចរាល់នៅឆ្នាំ២០២៥ សម្រាប់បណ្ដាខេត្តតំបន់ឆ្នេរទាំង៤រួមមាន ព្រះសីហនុ កោះកុង កំពត និងកែប។ខេត្តទាំង៤នេះត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា ជា”ខេត្តតារារះនៃទិសនិរតី”។
តាមសចក្តីប្រកាសព័ត៌មានរបស់អង្គការហ្វាវកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤បានបញ្ជាក់ថា ឧបករណ៍ត្រួតពិនិត្យនាវាទាំងនេះដំណើរការដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមិនមានប្រើភ្ជាប់ជាមួយប្រព័ន្ធអគ្គិសនីបន្ថែមនោះឡើយ។
ប្រព័ន្ធ VMS របស់កម្ពុជាប្រើប្រាស់បណ្តាញទូរស័ព្ទ និងបណ្តាញផ្កាយរណប ដើម្បីរាយការណ៍ពីទីតាំងរបស់នាវានេសាទ។ ការប្រើប្រាស់ប្រព័ន្ធ VMS ជួយរដ្ឋាភិបាលក្នុងការត្រួតពិនិត្យដែននេសាទនិងកំណត់ថាតើនាវានេសាទស្ថិតនៅក្នុងដែននេសាទដែលអនុញ្ញាត។
ហ្វាវបានបន្ថែមថា នេះគឺជាការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា ដំណាក់កាលទី២សម្រាប់កម្ពុជា ដែលបានបំពាក់នៅលើទូកនេសាទ និងឧបករណ៍នេសាទបច្ចុប្បន្ន ដែលមានទំហំចាប់ពី១២ម៉ែត្រឡើងទៅ។ ប្រព័ន្ធត្រួតពិនិត្យនាវាដំណាក់កាលទី២នេះ គឺជាប្រភេទឧបករណ៍ ដែលត្រូវបានកែលម្អពីដំណាក់កាលទី១ ដោយកាលពីដំណាក់កាលទី១ ឧបករណ៍ចំនួន១២៥គ្រឿងត្រូវបានបំពាក់ និងធ្វើតេស្តសាកល្បងដែលមានទំហំលើសពី១៨ម៉ែត្រ។ អង្គការFAO ក៏បានបណ្តុះបណ្តាលបច្ចេកថ្មីនេះដល់មន្ត្រីរដ្ឋបាលជលផល អំពីរបៀបដំណើរការឧបករណ៍ទាំងនោះផងដែរ។
សារៈសំខាន់នៃប្រព័ន្ធត្រួតពិនិត្យនាវា (VMS)គឺផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជានេសាទ ជាឧទាហរណ៍ក្នុងករណីនាវា ឬទូកជួបបញ្ហានៅលើផ្ទៃសមុទ្រ គេអាចកំណត់បានពីទីតាំងជាក់លាក់ចុងក្រោយរបស់នាវា ឬទូកទាំងនោះ ព្រមទាំងអាចត្រូវបានប្រើជាជំនួយក្នុងប្រតិបត្តិការរុករកនាវា ឬទូក ដែលជួបបញ្ហា។ រីឯការដំឡើងនោះទៀតសោត គឺមិនមានតម្រូវឱ្យចំណាយថវិកានោះឡើយ។
គប្បីជម្រាបជូនថា ការរៀបចំបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០២១ ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។ ផែនការគ្រប់គ្រងជលផលសមុទ្រក៏រួមបញ្ចូលការគ្រប់គ្រងលំហ និងការរៀបចំផែនការ ដើម្បីបញ្ជ្រាបទៅក្នុងផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់កម្ពុជា ដើម្បីធានាបាននូវអនុលោមភាពរវាងការប្រើប្រាស់ធនធាន និងការអភិវឌ្ឍ។
កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រ និងទឹកសាប ជាពិសេសពង្រឹងក្របខ័ណ្ឌគ្រប់គ្រងជលផល។
បើតាមហ្វាវ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)មានគោលបំណងជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍធនធានជលផលទឹកសាប និងសមុទ្រឱ្យមាននិរន្តរភាព រួមចំណែកដល់សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ តាមរយៈការកែលម្អការអភិរក្ស ការគ្រប់គ្រង និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជលផលក្នុងដែននេសាទសមុទ្រ និងទឹកសាប រួមចំណែកដល់ការអភិវឌ្ឍជលផលក្រោយការប្រមូលផល និងការកែលម្អភាពធន់របស់សហគមន៍នេសាទបឹងទន្លេសាប និងតំបន់ឆ្នេរតាមរយៈធ្វើឱ្យប្រសើរឡើងសន្តិសុខស្បៀង៕