សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតចលនាថ្មីៗនៅក្រៅប្រទេស ជាការធ្វើឱ្យប្លែកដើម្បីកៀរគរថវិកា ខណៈសមាជិកខ្លួនអស់ជំនឿដើរចេញជាបន្តបន្ទាប់

0

កែប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យល់ឃើញថា សកម្មភាពរបស់ក្រុមមួយក្បាប់តូច នៅក្រៅប្រទេស ដែលមានទណ្ឌិត សម រង្ស៊ី ជាអ្នកដឹកនាំ ដូចជាចលនាប្រជាធិបតេយ្យ ជាដើមនោះ គឺមានគោលបំណងដដែលៗ ដែលសម្តេចចង់សំដៅថា គ្រាន់តែជាការធ្វើសកម្មភាព ឱ្យប្លែក និងអាចកៀរគរថវិកាសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ ខណៈដែលសមាជិកនិងមន្ត្រីជាន់ខ្ពស់របស់ខ្លួន(លោក សម រង្ស៊ី) កំពុងអស់ជំនឿចិត្ត និងបានដើរចេញជាបន្តបន្តាប់ មកចូលរួមជាមួយ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ដែលស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ប៉ុន្មានថ្ងៃនេះ មានការបង្កើតចលនាមិនចេះចប់ ប៉ុន្មានខែនេះ ចលនាក្រៅប្រទេស រួមទាំងមាននាយករដ្ឋមន្ត្រី រដ្ឋាភិបាលស្រមោលនៅក្រៅទៀត ហើយឃើញនាយករដ្ឋមន្ត្រីមានម្នាក់ឯង ហើយហ្វេសប៊ុកមួយ គាត់តាំងខ្លួនជានាយករដ្ឋមន្ត្រី សម សេរី នៅប្រទេសអ៊ឺរ៉ុបខាងលិច គេទៅគេបង្កើតរដ្ឋាភិបាលស្រមោល គេថារដ្ឋាភិបាលនៅស្រុកខ្មែរគឺជារដ្ឋាភិបាលខុសច្បាប់ នៅពេលដែល៨,២លាននាក់ បានទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ តាមរដ្ឋធម្មនុញ្ញ គេថា ជារដ្ឋាភិបាលខុសច្បាប់ នៅពេលដែលគេបង្កើតម្នាក់ឯង ហើយមានអ្នកគាំទ្រតាមហ្វេសប៊ុក តាមតិកតុក គេថា គេជារដ្ឋាភិបាលត្រូវច្បាប់” ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងជុំវិញការបង្កើត ចលនាថ្មីៗបន្ថែមទៀត ពីសំណាក់លោកស្រី មូរ សុខហួរ និងទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ហើយតែងតែវាយប្រហារមកលើរដ្ឋាភិបាលនោះថា ការបង្កើតចលនាថ្មីៗនេះ ជាសកម្មភាពដដែលៗ ដែលអាចជាការបង្កើតឱ្យមានព្រឹត្តិការណ៍ថ្មី នឹងអាចដើរកៀរគរថវិកា ពីអ្នកគាំទ្ររបស់ខ្លួនឯងតែប៉ុណ្ណោះ ។

ក្នុងនោះ សម្តេចធិបតី មានប្រសាសន៍ថា ” ខ្ញុំមិនដឹងថា បង្កើតធ្វើអី? គោលបំណងអី ប៉ុន្តែយើងមើលវិភាគអត់មានអីថ្មីទេ គោលដៅនៅតែដដែល បង្កើតអីប្លែក ប៉ុន្តែខ្ញុំគិតថាអាចវាមានបញ្ហាមួយ ដោយសារក្នុងរយៈពេល១ឆ្នាំនេះ ជាពិសេស៦ខែចុងក្រោយនេះ គឺមានចលនាប្រជាពលរដ្ឋទាំងក្នុងប្រទេស ដែលធ្លាប់ជាសមាជិកបក្សរបស់គាត់ គាំទ្រគាត់ បានចេញមកចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយគណបក្សប្រជាជនកម្ពុជា ទាំងមន្ត្រីជាន់ខ្ពស់របស់គាត់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ទាំងអ្នកគាំទ្ររបស់គាត់ជាច្រើន ដើរចោលពីគាត់ ដោយសារគេអស់ជំនឿ ចឹងហើយត្រូវតែបង្កើតអ្វីថ្មី ដើម្បីទាក់ទាញ ដើម្បីជាចលនាប្រមូលថវិកា ប្រមូលបច្ច័យអី ខ្ញុំមិនដឹងទេ ប៉ុន្តែបង្កើតព្រឹត្តិការណ៍ ហើយចាប់ឡើងថា យើងលែងជឿការបោះឆ្នោតហើយ ព្រោះបោះមិនដែលឈ្នះ ចឹងបានន័យថា គាត់បោះមិនឈ្នះ គាត់ទៅបង្កើតចលនាតាំងខ្លួនជាប្រធាន អ្នកខ្លះតាំងខ្លួនជានាយករដ្ឋមន្ត្រី នៅពេលដែលកំពុងជាមួយគ្នា បានន័យថា កំពុងមើលងាយអ្នកបោះឆ្នោត ប្រជាពលរដ្ឋខ្មែរ ៨លាន២សែននាក់ រួមទាំងអ្នកកែប ជាង២ម៉ឺននាក់ទៅបោះឆ្នោតដែរ”៕