សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សមត្ថកិច្ចត្រូវស្រាវជ្រាវរកក្រុមសង្គមងងឹត ស្នាក់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើការឆបោកតាមប្រព័ន្ធអនឡាញ

0

កែប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញបទបញ្ជាឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែខិតខំធ្វើការស្រាវជ្រាវវែកមុខចាប់ខ្លួនក្រុមសង្គមងងឹតដែលកំពុងពួនសម្ងំស្នាក់នៅតាមផ្ទះ អគារនៅក្នុងប្រទេសកម្ពុជា ហើយដែលបានធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ ការដាក់ចេញបទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២,៦៤៥ ម៉ែត្រ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្ដកែប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់គ្រងឱ្យបានជនបរទេសស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងករណីលួចបើកសកម្មភាពឆបោកតាមអនឡាញ ដោយបន្តទប់ស្កាត់ និងបង្ក្រាបឱ្យបាន។

សម្ដេចធិបតីបានថ្លែងថា តំបន់ទេចរណ៍ដាច់ខាត ត្រូវមានសន្ដិសុខ សុវត្ថិភាព គ្មានអ្នកណាមួយមកលេងខេត្តកែប មានបញ្ហានោះទេ ហើយត្រូវធ្វើសកម្មភាពគ្រប់គ្រង ឱ្យបានល្បែងស៊ីសង ក្មេងទំនើង និងបញ្ហាចោរកម្ម ផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋ នៅក្នុងស្រុក ក៏ដូចជាក្នុងខេត្ត និងអ្នកទេសចរណ៍មកពីខាងក្រៅ មានអារម្មណ៍ល្អ និងមានសុវត្ថិភាព ដោយគ្មានការព្រួយបារម្ភភ័យខ្លាច។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា៖ «អ្វីដែលជាពិសេស ត្រូវមើលវត្តមានសង្គមងងឹត ក្រុមជនបរទេសមកជួលផ្ទះ ជួលអី លួចបើកអនឡាញ ត្រូវធ្វើឱ្យបាន គ្រប់គ្រងឱ្យជាប់ មានករណីចម្លោះប្រហោងយើងបានចាត់វិធានការហើយ តែត្រូវធ្វើយ៉ាងម៉ិចកុំឱ្យមាននៅខេត្តកែប ខេត្តកំពត ខេត្តអីផ្សេងៗត្រូវធ្វើកិច្ចការងារនេះឱ្យជាប់។ មកបន្លំជួលផ្ទះ ឬជួលអូតែល«…»បើកហ្គេមអនឡាញ ត្រូវចាប់មកអនុវត្តន៍តាមច្បាប់ឱ្យបាន»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងទេសចរណ៍ រៀបចំបង្កើតផលិតផលទេសចរណ៍ថ្មីៗ កញ្ចប់ទេសចរណ៍ និងបង្កើតកម្មវិធី ព្រឹត្តិការណ៍ឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនានៅក្នុងតំបន់របស់ខ្លួន។ ជាមួយគ្នានេះដែរ សម្ដេចធិបតីក៏បានកោតសរសើចំពោះសមត្ថកិច្ចកាលពីកន្លងមកនេះបានធ្វើការបង្ក្រាបក្រុមសង្គមងងឹតបានមួយចំនួនផងដែរ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា សត្ថកិច្ចត្រូវតែបន្តធ្វើការជាប្រចាំចំពោះជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយកាលពេលកន្លងមក និងពេលនេះសម្តេចបានប្រកាសមិនអនុញ្ញាតឱ្យមានការបើកកាស៊ីណូជាដាច់ខាតនៅក្នុងទឹកដីខេត្តកែបនោះទេ។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា៖ «សុំឡាយសិនធ្វើតំបន់សេដ្ឋកិច្ចពិសេស សុំឡាយសិនធ្វើអេកូធួរីសឹមសុំឡាយសិនធ្វើអី ខ្ញុំឱ្យ តែបើសុំឡាយសិន ធ្វើកាស៊ីណូនៅក្នុងទឹកដីខេត្តកែប ខ្ញុំមិនឱ្យនោះទេ។ ខ្ញុំសុំបញ្ជាក់ឱ្យអីចឹងតែម្តង។ យើងមិនចាំបាត់អាហ្នឹងទេ តែបើវិនិយោគ ធ្វើផែដើម្បីកាណូត កប៉ាល់ចូលមកយើងអូខេ។ អីចឹងត្រូវទប់ឱ្យជាប់ចំពោះករណីខាងលើនេះ»៕