សៀមរាប៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានបង្ហើបអំពីការប៉ាន់ស្មានតួលេខភ្ញៀវបរទេស ដែលនឹងមកកម្សាន្តខេត្តសៀមរាបនៅឆ្នាំ២០២៤នេះ នឹងមានភ្ញៀវទេសចរប្រមាណ១លាន១សែននាក់ទេ។
ថ្លែងពេលបើកកិច្ចប្រជុំពិភាក្សានិង ពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៤-២០២៨ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា លោក ង៉ូវ សេងហាក់ បានបន្ថែម ទៀតថា តែនៅឆ្នាំ២០២៥អាចនឹងមានភ្ញៀវទេសចរអន្ដរជាតិមកទស្សនាខេត្ដនេះប្រមាណ១លាន៥សែននាក់ ដែលតួលេខនេះ អ្នកពាក់ព័ន្ធត្រូវរកវិធីសាស្ដ្រធ្វើយ៉ាងណាឱ្យអ្នកទេសចរមកកម្សាន្តនៅខេត្ដសៀមរាបឱ្យបានកាន់តែច្រើន។
លោកបានជំរុញដល់ដៃគូភាគីពាក់ព័ន្ធនូវវិធានការនិងត្រូវពង្រឹងការផ្ដល់ព័ត៌មានអំពីគោលដៅទេសចរណ៍ខេត្តសៀមរាបដល់ភ្ញៀវទេសចរអន្តរជាតិ។បង្កើនការតភ្ជាប់និងសហប្រតិបត្តិការទេសចរណ៍អន្តរជាតិ, សម្រួលការធ្វើដំណើរទេសចរណ៍តាមច្រកទ្វារអន្តរជាតិ តាមគោលដៅទេសចរណ៍ក្នុងតំបន់អាទិភាព ពង្រឹងយន្តការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ ពិពិធកម្មផលិតផលសក្ដានុពលទេសចរណ៍ ក្នុងស្រុក និងការអនុវត្តច្បាប់លើការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយជាដើម។
ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ អ្នកជំនាញទេសចរណ៍ បានធ្វើបទបង្ហាញពីគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្ដសៀមរាបឆ្នាំ២០២៥ដោយបានលើកយកគន្លឺះនៃការផ្សព្វផ្សាយសំដៅទាក់ទាញអ្នកទេសចរគ្រប់ជាតិសាសន៍ និង ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព គ្រប់មធ្យោបាយ និងរៀបចំផែនការទីផ្សារ ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥- ២០២៨ ដោយសិក្សានិងកំណត់ប្រភពប្រភេទទីផ្សារទេសចរណ៍សំខាន់ៗ រួមមាន ទីផ្សារឥណ្ឌា ចិន វៀតណាមនិងឡាវ។
បើតាមលោកអភិបាលរងខេត្តដដែលបានបង្ហាញតួលេខថា ក្នុងរយៈពេល១០ខែឆ្នាំនេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មកកាន់ខេត្ដសៀមរាប ប្រមាណ២លាន៥សែននាក់ ។ក្នុងនោះ មានភ្ញៀវទេសចរអន្ដរជាតិជាង៧៧ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៣កើនឡើងជាង២៨ភាគរយ ប៉ុន្ដែបើធៀបនឹងមុនវិបត្ដិជំងឺកូវីដ១៩ គឺនៅថយចុះនៅឡើយ។ដោយឡែកភ្ញៀវទេសចរជាតិជាង១លាន៧សែននាក់មកកាន់ខេត្ដសៀមរាប កើនឡើងជាង៣៥ភាគរយបើធៀបឆ្នាំ២០២៣ ដែលស្ថានភាពភ្ញៀវទេសចរនៅក្នុងខេត្ដសៀមរាបនេះ មិនទាន់ពេញចិត្ដរបស់វិស័យឯកជននៅឡើយទេ ។
លោកអភិបាលរងខេត្តបន្ដថា ភ្ញៀវទេសចរមកទស្សនាខេត្ដសៀមរាប មាន អាមេរិក អង់គ្លេស បានរាំង កូរ៉េខាងត្បូង ចិន ជប៉ុន អាល្លឺម៉ង់ អូស្ដ្រាលី វៀតណាម និងតំបន់អាស៊ាន ដែលផ្ទុយពីអំឡុងពេលជំងឺកូវីដ១៩ ដែលមានទីផ្សារទេសចរមកពីប្រទេសចិនលេខមួយ កូរ៉េលេខពីរ ជប៉ុន វៀតណាម និងថៃ ប៉ុន្ដែមកដល់ពេលនេះចិនបានធ្លាក់ចុះ៕