នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវតាមក្រវាត់ព្រំដែន។
ក្រុមការងារនេះ មានតួនាទីនិងមានភារកិច្ច រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីអនុវត្តការកសាងផ្លូវការពារខ្សែព្រំដែន។
ការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពកសាងផ្លូវក្រវាត់ព្រំដែននេះ ធ្វើឡើងគឺបន្ទាប់ពីរដ្ឋាភិបាលបិទបញ្ចប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ ព្រំដែន» កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដែលទទួលបានថវិកាពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារអាមេរិក។
នេះគឺជាផែនការថ្មី ខណៈកាលពីថ្ងៃ៤ កក្កដា ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គោលការណ៍សម្រាប់រយៈពេល ១០ឆ្នាំ (២០២៤ -២០៣៤) អោយបញ្ជាការដ្ឋានកងវិស្វកម្មនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សម្រេចបញ្ចប់ជំហានទី១ លើការងារបោះបង្គោលខណ្ឌសីមា និងការស្ថាបនាបណ្ដាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាមនៅលើទីតាំងដីដែលបានឯកភាពរួចហើយដោយគ្រោងចំណាយថវិកាប្រមាណ២០០ លានដុល្លារ។
ហើយកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចបវរធិបតី បានប្រកាសថា កម្ពុជាបានសាងសង់ផ្លូវនៅតាមព្រំដែនបានប្រមាណ ៥០ភាគរយ ហើយក្នុងចម្ងាយផ្លូវសរុបជាង ២៦៦០គីឡូម៉ែត្រ។
យោងតាមសម្ដេចបវរធិបតី បានអោយដឹងថាការកសាងផ្លូវតាមព្រំដែន ជាមួយប្រទេសវៀតណាមចន្លោះពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ កម្ពុជាបានស្ថាបនាផ្លូវបានប្រវែង ៦៨៥ គីឡូម៉ែត្រលើផែនការសរុប ១០៦៩ គីឡូម៉ែត្រ។ ជាមួយថៃពីឆ្នាំ ១៩៩៤ ដល់ ២០២៣ កម្ពុជាបានកសាងផ្លូវបានប្រវែង ៤៥៥ គីឡូម៉ែត្រលើផែនការសរុបប្រវែង ៥០៩ គីឡូម៉ែត្រ។ ជាមួយប្រទេសឡាវពីឆ្នាំ ២០១៥ ដល់ ២០២២ កម្ពុជាបានកសាងផ្លូវបានប្រវែង ១៧៩ គីឡូម៉ែត្រលើផែនការសរុប ៣៧៧ គីឡូម៉ែត្រ។
សូមបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះ មានភារកិច្ចសិក្សា និងលើកគម្រោងផែនការកសាង ដើម្បីបម្រើឱ្យការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។
យោងតាមផែនការនិងបរិមាណថវិកាដែលទទួលបានពីមូលនិធិជិត២៧លានដុល្លារអាមេរិកនេះ នឹងធ្វើអោយល្បឿនអនុវត្តផែនការកសាងផ្លូវតាមក្រវ៉ាត់ព្រំដែនរួចរាល់មុនកាលកំណត់។សមិទ្ធផលដ៏ធំធេងនេះនឹងបង្ហាញអោយឃើញអំពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់រដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី ដែលសក្ខីភាពនេះបានបកអាក្រាតត្រឡប់ទៅក្រុមប្រឆាំងជ្រុលនិយមវិញ ដែលកន្លងមកនេះបានខិតខំប្រឌិតព័ត៌មានភូតភរ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋជុំវិញខ្សែបន្ទាត់ព្រំដែននេះ៕