គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ (ជំហាន២) នៃបេសកកម្មរបស់ធនាគារនីហរ័ណ-អាហរ័ណកូរ៉េ ត្រូវបានបញ្ចប់ ការសិក្សាសមិទ្ធិលទ្ធភាព

0

ភ្នំពេញ៖ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែតុលានេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Yunhee Kim ប្រធានក្រុមការងារបេសកកម្ម និងលោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ស្ដីពីលទ្ធផលបញ្ចប់នៃការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ (ជំហាន២) នៃបេសកកម្មរបស់ធនាគារនីហរ័ណ-អាហរ័ណកូរ៉េ។

កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មន្ត្រីជំនាញបច្ចេកទេស នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងសមាជិកគ្រប់គ្រងគម្រោងផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាអំពីវិសាលភាពនៃគម្រោង និងវាយតម្លៃលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ (ជំហាន២) ហិរញ្ញប្បទានដោយមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារនីហរ័ណ-អាហរ័ណកូរ៉េ នៃសាធារណរដ្ឋកូរ៉េ ដែលបានធ្វើការសិក្សាបញ្ចប់រួចរាល់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dohwa Engineering Co., Ltd.៕