ភ្នំពេញ៖ ជំនួបទ្វេភាគីរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឯកឧត្តម ហុង ស៊ិកចូ (Hong Sik Cho) ឯកអគ្គរដ្ឋទូតកូរ៉េទទួលបន្ទុកបរិស្ថាន និងការប្រែប្រួលអាកាសធាតុ នៃក្រសួងការបរទេស បានលើកឡើងនូវកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដើម្បីរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នាទីក្រុងកាលី ប្រទេសកូឡុំប៊ី។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានលើកឡើងនូវភាពស្អាតរបស់កម្ពុជាក្នុងដែនទឹក ដែនគោក និងដែនអាកាស ស្របនឹងការលើកឡើងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ក៏បានស្នើរួមចំណែកជាមួយកម្ពុជាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងទប់ស្កាត់ប្រភពហូរនាំថង់ប្លាស្ទិកទៅក្នុងបឹងទន្លេសាប។
សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការទ្វេភាគីខាងលើ គឺជាការរួមចំណែកជាមួយសហគមន៍អន្តរជាតិ ដើម្បីធ្វើឱ្យសម្រេចគោលដៅទាំងបួន និងចំណុចដៅទាំង ២៣ របស់ក្របខ័ណ្ឌការងារជីវៈចម្រុះសកលគួនមីង-ម៉ុងរ៉េអាល់ ដែលបានអនុម័តនៅក្នុង COP15៕