ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLVរួចរាល់ចប់សព្វគ្រប់ហើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានផ្ញើលិខិតកាទូតមួយទៅរដ្ឋមន្រ្តីការបរទេស ឡាវ និងវៀតណាម អំពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការបញ្ចប់គម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។
នៅក្នុងលិខិតបានលើកឡើងអំពីមូលហេតុថា ដោយអាណត្តិកិច្ចសហប្រតិបត្តិការបានឈានដល់គោលដៅរបស់ខ្លួន ដូច្នេះកម្ពុជាជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាការអភិវឌ្ឍប្រទេសរៀងៗខ្លួន។
សម្តេចតេជោបានបញ្ជាក់ថា ក្រោយពីការចូលរួមក្នុងគម្រោងនេះអស់រយៈពេល២៥ឆ្នាំមកនេះ បានធ្វើអោយកម្ពុជាមានលទ្ធភាពកសាងបានសមិទ្ធផលជាច្រើន លើកិច្ចការសង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធកសិកម្មនិងគមនាគមន៍តភ្ជាប់ទៅទីប្រជុំជននិងទីក្រុង ព្រមទាំងទីផ្សារពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។
ប៉ុន្តែ «ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។
ម្យ៉ាងទៀតកន្លងទៅនេះក្រុមដែលមានមតិផ្ទុយ បានយករឿងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ធ្វើជាអាវុធនយោបាយ ដើម្បីវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយធ្វើឱ្យប្រជាជនមានការភាន់ច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង៤នៃភាគឦសានឱ្យទៅបរទេសជាដើម។ ហើយចុងក្រោយនេះ ក្រុមប្រឆាំងក៏បានប្រើរឿងនេះ ធ្វើជាប្រធានបទ ដើម្បីធ្វើការញុះញង់ និងបំផុសបំផុលប្រជាជនឱ្យចូលរួមអនុវត្តនូវផែនការ ថ្ងៃទី១៨ ខែសីហា ក្នុងការប៉ុនប៉ងធ្វើបាតុកម្មបង្កអស្ថិរភាពដល់សង្គមជាតិ។
អាស្រ័យហេតុនេះ យើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ។
តែទោះជាយ៉ាងនេះក្តី អស់រយៈពេលជាង១ខែបានកន្លងផុត ស្រាប់តែពេលនេះលេចមុខក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុក នៅតែបន្តយកបញ្ហានេះមកធ្វើអាជីវកម្មនយោបាយទាំងងងឹតងងុល ដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ច សហប្រតិបត្តិការនេះបានគឺ ត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ និងត្រូវមានការឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសិន។
ដោយមិនបង្អន់យូរកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបចំពោះក្រុមប្រឆាំងជ្រុលនិយមថា តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV- DTA) គឺជាកិច្ចសហប្រតិបត្តិការធម្មតារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមិនត្រូវការឆ្លងកាត់ ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ។ ដូច្នេះ ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
ទន្ទឹមនេះអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរិះគន់ក្រុមប្រឆាំងជ្រុលនិយម ដែលខិតខំយកបញ្ហា«CLV»នេះមកធ្វើអាជីវកម្មនយោបាយ ខណៈខ្លួនឯងនៅកង្វះខាត ចំណេះដឹង ខ្វះការស្រាវជ្រាវ និងខ្វះការយល់ដឹងខាងផ្លូវច្បាប់ ប៉ុន្តែបែរជាធ្វើសកម្មភាពប្រឆាំង ដែលវាមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពបំផ្លិចបំផ្លាញ និង ពង្វក់ស្មារតីយុវជនមួយចំនួនឱ្យវង្វេងតាមមនោគមវិជ្ជានយោបាយជ្រុលនិយមដ៏ខ្មៅកខ្វក់របស់ខ្លួនតែប៉ុណ្ណោះ។
ជាចុងបញ្ចប អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមអោយក្រុមប្រឆាំងជ្រុលនិយមបញ្ឈប់ការយកបញ្ហា CLVមកធ្វើអាជីវកម្មនយោបាយបែបញុះញង់ និងបំផ្លិចបំផ្លាញសង្គមខ្មែរតទៅទៀត៕