ភ្នំពេញ៖ តាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា,រដ្ឋាភិបាលថៃបានសម្រេចលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃសម្រាប់ពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅខែមេសាឆ្នាំ២០២៥ខាងមុខ។ទន្ទឹមនេះរដ្ឋាភិបាលថៃសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅចំពោះពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតកំណត់នៅត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការរយៈពេល២ឆ្នាំបន្តទៀត រហូតឆ្នាំ២០២៧ ដោយមិនបាច់ចាកចេញពីប្រទេសថៃទេ។នេះបើយោងតាមលទ្ធផលជំនួបរវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ភីផាត់ រាចាឃីតប្រាកន (Phipat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃ កាលព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី។
ប្រភពក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា លទ្ធផលនៃជំនួបរវាងរដ្ឋមន្រ្តីក្រសួងការងារប្រទេសទាំងពីរមានប្រាំចំណុចសំខាន់។ ក្នុងនោះ១- ភាគីថៃឯកភាពនឹងស្នើសុំទៅគណៈរដ្ឋមន្ត្រីថៃ តាមសំណើរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) សម្រាប់ពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២៥ ខាងមុខ ដូចទៅនឹងឆ្នាំនេះដែរ។២- ភាគីថៃបានជម្រាបភាគីកម្ពុជាថា គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ (Work Permit) និងការស្នាក់នៅចំពោះពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតកំណត់នៅត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការរយៈពេល២ឆ្នាំបន្តទៀត រហូតឆ្នាំ២០២៧ ដោយមិនបាច់ចាកចេញពីប្រទេសថៃទេ។៣- ភាគីថៃនឹងពិចារណាលើសំណើរបស់កម្ពុជាក្នុងការធ្វើតេស្តទទួលស្គាល់ជំនាញដល់ពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ ដើម្បីក្លាយជាពលករជំនាញ ដែលអាចទទួលបានអត្ថប្រយោជន៍ច្រើនជាងពលករគ្មានជំនាញ និងការបញ្ជាក់ទទួលស្គាល់ជំនាញរបស់ពលករខ្មែរដែលបានបញ្ចប់ការងារ និងវិលត្រលប់មកមាតុប្រទេសវិញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នឹងទទួលស្គាល់រាល់ការបញ្ជាក់ជំនាញរបស់ភាគីថៃដល់ពលករខ្មែរ។
ចំណែកចំណុចទី៤- ភាគីថៃជម្រាបជូនភាគីកម្ពុជាថា ពលករខ្មែរដែលធ្វើការក្នុងប្រទេសថៃ ទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ដូចកម្មករនិយោជិតជនជាតិថៃដែរ។ ជាមួយគ្នានេះ ភាគីកម្ពុជាស្នើដល់ភាគីថៃ បន្តសិក្សាលើគំនិតផ្តួចផ្តើមជាមួយស្ថាប័នសន្តិសុខសង្គមកម្ពុជាដើម្បីអាចធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសករនៃប្រទេសទាំងពីរ នៅពេលដែលពួកគាត់ត្រឡប់មកប្រទេសកំណើតវិញ ស្របតាមគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តប្រវេសករក្នុងតំបន់អាស៊ាន។
រីឯចំណុចទី៥ជាចំណុចចុងក្រោយ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងលើដំណើរការបញ្ជូន និងទទួលពលករខ្មែរឱ្យមានភាពពេញលេញ ដើម្បីជាផលប្រយោជន៍ដល់ពលករខ្មែរ និងនិយោជកថៃ ជាពិសេសកាត់បន្ថយពេលវេលាសម្រាប់ដំណើរការឯកសារ និងកាត់បន្ថយលំហូរនៃពលករកម្ពុជា ដែលគ្មានឯកសារគ្រប់គ្រាន់ចូលទៅធ្វើការក្នុងប្រទេសថៃ៕