នាយិកា ទីភ្នាក់ងារ USAID មើលឃើញពីការរីកចម្រើនដ៏សំខាន់ ដែលទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការរវាង USAID និងរាជរដ្ឋាភិបាលកម្ពុជា

0

ភ្នំពេញ៖ អ្នកស្រី Samantha Power នាយិកា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) បានមកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរបស់អ្នកស្រី នៅកម្ពុជា។ ក្នុងឱកាសនោះ អ្នកស្រីបានជួបជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ដែលក្នុងនោះ អ្នកស្រីបានពិភាក្សាអំពីផលប្រយោជន៍​រួម​របស់សហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានភាពជ្រាលជ្រៅថែមទៀត។

ដោយកត់សម្គាល់ថា នេះ​ជាដំណើរទស្សនកិច្ចលើកដំបូង​របស់អ្នកគ្រប់គ្រងនៃទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក​ (USAID) ​នៅកម្ពុជា អ្នកស្រីនាយិកា Power មើលឃើញពីការរីកចម្រើនដ៏សំខាន់ដែលទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការរវាង USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យនានា ដូចជាវិស័យសុខាភិបាល អប់រំ និងការការពារបរិស្ថាន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ទីភ្នាក់ងារ USAID ដែលបានចេញផ្សាយដោយស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍បានលើកឡើងថា អ្នកស្រី Samantha Power ក៏បានមើលឃើញពីសមិទ្ធផលរបស់ កម្ពុជា ក្នុងការកាត់បន្ថយការស្លាប់ដោយសារជំងឺរបេង និងជំងឺគ្រុនចាញ់។ នាយិកា Power និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពិភាក្សាអំពីសារៈសំខាន់នៃការសហការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការដោះស្រាយបញ្ហានៃល្បែងឆបោកតាមអនឡាញ ការដោះមីន និងការដោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សុវត្ថិភាពផ្នែកសុខភាពសាកល ការកាត់បន្ថយការប៉ះពាល់ដោយសារតែធាតុដែកធ្ងន់សម្រាប់កុមារ និងបញ្ហាផ្សេងៗទៀតដែលជាកង្វល់រួម។ នាយិកា Power បានលើកឡើងពីការគាំទ្រយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោក និងនៅកម្ពុជា ចំពោះសិទ្ធិកម្មករ និងសង្គមស៊ីវិល ក៏ដូចជាការព្រួយបារម្ភអំពីបញ្ហានានា ដូចជាការបិទលំហសម្រាប់ពលរដ្ឋ និងសេរីភាពសារព័ត៌មាន។

ជាមួយគ្នានេះដែរ អ្នកស្រីនាយិកា Power បានជួបជាមួយលោក យៀង ឈាង ដែលជាជំនាញផ្នែកបាណកសាស្ត្រ ដែលបានសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់ដោយចែកចាយថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ក្នុងអំឡុងពេលរបបខ្មែរក្រហមដ៏សាហាវនៅពាក់កណ្តាលទសវត្សរ៍ ១៩៧០ ហើយបន្ទាប់មកបានជួយស្តារកម្មវិធីជំងឺគ្រុនចាញ់ជាតិកម្ពុជា។ អ្នកស្រី បានអបអរសាទរលោក ឈាង ចំពោះការទទួលបានពានរង្វាន់ Unsung Hero នៅសន្និសីទកំពូលអាកាសធាតុអង្គការសហប្រជាជាតិ (COP28) នៅទីក្រុងឌូបៃ ក្នុងខែធ្នូ ឆ្នាំ ២០២៣ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការបំបាត់ជំងឺគ្រុនចាញ់ និងបានបង្ហាញការសរសើររបស់លោកស្រី ចំពោះការរួមចំណែកដ៏មានតម្លៃរបស់គាត់ចំពោះគម្រោងប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក (PMI)។ ជាមួយនឹងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្រោម PMI ប្រទេសកម្ពុជាក្នុងចំណោមប្រទេសដែលអនុវត្តន៍កម្មវិធីទ្វេភាគីនេះ ដែលអាចបំបាត់ជំងឺគ្រុនចាញ់បាននៅត្រឹមឆ្នាំ ២០២៥។

នាយិកាគ្រប់គ្រង Power ក៏បានចូលរួមក្នុងកិច្ចប្រជុំដើម្បីស្តាប់ពីប្រជាជនកម្ពុជាអំពីរបៀបដែលសហរដ្ឋអាមេរិកអាចគាំទ្រការរីកចម្រើនលើសិទ្ធិ ការគ្រប់គ្រង និងនីតិរដ្ឋបានល្អបំផុត។ កិច្ចប្រជុំនេះរួមមានការចូលរួមពីមេដឹកនាំសង្គមស៊ីវិល ក៏ដូចជាបុគ្គលផ្សេងទៀតដែលមានទស្សនៈលើបញ្ហាទាំងនេះ។

អ្នកស្រី Power ក៏បានធ្វើដំណើរតាមទន្លេមេគង្គផងដែរ ជាមួយដៃគូខាង USAID សមភាគីខាងរដ្ឋាភិបាលកម្ពុជា អ្នកស្រាវជ្រាវ និស្សិត វីរជនការពារបរិស្ថាន និងអ្នកនេសាទក្នុងដំណើរតាមទូក។ ទូកបានធ្វើដំណើរតាមទន្លេសាបដល់ចំណុចប្រសព្វជាមួយទន្លេមេគង្គ ជាទីដែលលោកស្រី Power បានលែងត្រីដែលកំពុងតែជិតផុតពូជ ចូលទៅក្នុងទឹកទន្លេ ដើម្បីបង្ហាញពីការគាំទ្ររបស់ USAID ចំពោះទន្លេដ៏ល្អ ដែលជួយដល់ជីវភាព ឯករាជ្យភាពសេដ្ឋកិច្ច និងសុវត្ថិភាពស្បៀងអាហារ។ អ្នកស្រីបានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមគម្រោងស្តីពីភាពជាដៃគូទន្លេមេគង្គ-សហរដ្ឋអាមេរិក សម្រាប់ស្វ័យភាព ការការពារមច្ឆាដែលកំពុងតែជិតផុតពូជ និងការការពារបរិស្ថាននៃតំបន់ជម្រេលនៅតំបន់ទន្លេមេគង្គ និងធនធានធម្មជាតិដទៃទៀតនៅកម្ពុជា ក្រៅពីតំបន់ទន្លេមេគង្គ។ អ្នកស្រី Power ក៏បានប្រកាសអំពីការបន្តការគាំទ្ររបស់ USAID ក្នុងការអភិរក្សនៅទន្លេមេគង្គនៅកម្ពុជា និងការពង្រីកការគាំទ្រនៅអនុតំបន់ទន្លេមេគង្គទាំងមូល។

បន្ថែមលើនេះទៀត នាយិកា Power បានជួបជាមួយបុគ្គលិកនៃស្ថានទូតសហរដ្ឋអាមេរិក និងបុគ្គលិករបស់ USAID នៅភ្នំពេញ ដើម្បីអបអរសាទរកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ពួកគេក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-កម្ពុជា។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ នាយិកា​ Power បានធ្វើសន្និសីទសារព័ត៌មាន និងបានប្រកាសកម្មវិធី និងគម្រោងផ្តួចផ្តើមថ្មី ដែលមានតម្លៃជាង ៥០ លានដុល្លារ ដើម្បីជួយកសិករ ពង្រីកគម្រោង «អច្ឆរិយភាពទន្លេមេគង្គ» (Wonders of the Mekong) គាំទ្រសង្គមស៊ីវិល និងផ្នែកសារព័ត៌មាន ជាដើម ៕