កំពង់ស្ពឺ៖ អ្នកវិនិយោគជនជាតិចិន តៃវ៉ាន់ ចំនួន ១១រូប មកពីក្រុមហ៊ុន វិនិយោគតំបន់សេដ្ឋកិច្ច Golden Integreting International Investment PTE LTD ប្រទេសចិន នាថ្ងៃទី២៣ ខែតុលានេះ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បី ពិភាក្សាការងារមួយចំនួន និងគោរពអញ្ជើញ ឯកឧត្តមបណ្ឌិត ចូលរួមពិធីសម្ពោធបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ នៃសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ស្ថិតនៅភូមិតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អ្នកវិនិយោគចិនតៃវ៉ាន់ គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នេះផ្តោតលើការបង្កើតឱ្យបាន នូវសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិកម្ពុជា និងបន្តអភិវឌ្ឍន៍ឱ្យក្លាយជាមូលដ្ឋានផលិតកម្ម ផ្គត់ផ្គង់ដ៏សំខាន់លើ ឧហ្សាហកម្ម បោះពុម្ភ ជ្រលក់ពណ៍ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ានផងដែរ។
សូមរំលឹកថា គម្រោងនេះទទួលបានការវិនិយោគ សហការណ៍ជាមួយក្រុមហ៊ុនពាក់ព័ន្ធជាច្រើន ព្រមទាំងមានកិត្តិយសទទួលបានការគាំទ្រពីសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា(EPIAC) សមាគមនវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងកាបូបកម្ពុជា (TAFTAC) និងសមាគមវាយនភណ្ឌចិននៅកម្ពុជា (CTAC) ថែមទៀតផង។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានសម្តែងនូវក្តីរំភើបរីករាយ និងទទួលស្វាគមន៍ជានិច្ចរាល់បណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ ដែលបានសហការបណ្តាក់នៅទុនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺយើងនេះ ដែលជាខេត្តអំណោយផលលើគ្រប់វិស័យជាពិសេសវិស័យវាយណភណ្ឌនេះតែម្តង ជាការពិតណាស់អ្នកវិនិយោគដែលមកបណ្តាក់ទុននៅខេត្តកំពង់ស្ពឺពិតជាមានចក្ខុវិស័យខ្ពស់និងចំណេញលើចំណេញតែម្តង៕