ត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធ ចុះជួបសំណេះសំណាល និងនាំយកស្រូវពូជ ជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ១៧៩.៧០០គីឡូក្រាម ជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវ ចែកជូនប្រជាកសិករប្រមាណ១.៧៩៧គ្រួសារ នៅឃុំចំនួន០៧ រួមមាន : ឃុំ រកាពប្រាំ បឹងព្រួល ពាមជីលាំង ជីរោទិ៍ទី១ ជីរោទិ៍ទី២ ថ្មពេជ្រ និងទន្លេបិទ ក្នុងស្រុកត្បូងឃ្មុំ ដែលរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គនិងជំនន់ទឹកភ្លៀងកាលពីខែកញ្ញាកន្លងទៅនេះ ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់នៅក្នុងពិធីចែកពូជស្រូវកាលពីថ្ងៃទី២២តុលាថា អាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំប្រឹងប្រែងចូលរួមចំណែក ក្នុងការដោះស្រាយ នូវទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ហើយឈានមកដល់ដំណាក់កាលស្តារឡើងវិញ តាមរយៈការផ្តល់ជូនស្រូវពូជ ជូនដល់បងប្អូនដើម្បីមានលទ្ធភាពដាំដុះបង្កបង្កើនផលឡើងវិញ ក្នុងការដោះស្រាយនូវជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋ ។
ឯកឧត្ដម ប៉ែន កុសល្យ បានបញ្ជាក់ថា ការចុះចែកពូជស្រូវពេលនេះ គឺដើម្បីអោយប្រជាកសិករយកទៅដំាដុះស្ដារលទ្ធភាព លើការងារបង្កបង្កើនផលឡើងវិញ អោយបានទាន់ពេលវេលាផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានផ្តាំផ្ញើបងប្អូនប្រជាកសិករសូមអនុវត្តតាមបច្ចេកទេសកសិកម្ម ដែលមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្សព្វផ្សាយ និងណែនាំជូនពីការប្រើប្រាស់គ្រាប់ពូជស្រូវដាំដុះ ឱ្យបានទិន្នផលខ្ពស់៕