សហរដ្ឋអាមេរិក ប្រកាសផ្តល់មូលនិធិចំនួនជាង១៧លានដុល្លារ សម្រាប់គម្រោងថ្មីដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា

0

ភ្នំពេញ៖ សហរដ្ឋអាមេរិកប្រកាសថា ខ្លួននឹងផ្តល់មូលនិធិចំនួនជាង១៧លានដុល្លារ សម្រាប់គម្រោងថ្មីដើម្បីគាំទ្រផ្នែកសុខភាពរបស់ប្រជាជនកម្ពុជា។ អ្នកស្រី Samantha Power នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក (USAID) ក្នុងឱកាសបំពេញបេសកកម្មនៅក្នុងខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅខេត្តសៀមរាប កាលពីសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះថា គម្រោងថ្មីនេះមានរយៈពេល ៥ ឆ្នាំ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីជំងឺនេះបានសម្លាប់មនុស្សរាប់ពាន់នាក់នៅកម្ពុជាជារៀងរាល់ឆ្នាំ។

អ្នកស្រីបានបន្តថា គម្រោងរបស់ទីភ្នាក់ងារផ្តល់ជំនួយ USAID ដែលមានឈ្មោះថា USAID’s Community Mobilization Initiatives to End Tuberculosis 2 (COMMIT 2) នឹងត្រូវអនុវត្តដោយអង្គការ KHANA ដែលជាសម្ព័ន្ធភាពនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដែលធ្វើការផ្នែកជំងឺអេដស៍។ ហើយUSAID សន្យាផ្តល់មូលនិធិចំនួន៤លានដុល្លារ សម្រាប់ឆ្នាំដំបូងនៃគម្រោងនេះ។ តាមរយៈ COMMIT 2 ជំនួយនេះស្ថិតក្នុងចំណោមជំនួយធំបំផុត ដែល USAID បានផ្តល់ដល់អង្គការក្នុងស្រុកមួយ នៅកម្ពុជា ហើយ USAIDនឹងសហការជាមួយកម្ពុជាដើម្បីលើកកម្ពស់ការរុករកករណីរោគរបេងសកម្ម ដោយធ្វើការនៅក្នុង និងជាមួយសហគមន៍ក្នុងមូលដ្ឋាន ដើម្បីកែលម្អការត្រួតពិនិត្យ និងការធ្វើរោគវិនិច្ឆ័យលើជំងឺរបេង កែលម្អការរាយការណ៍តាមប្រព័ន្ធឌីជីថលនៃករណីជំងឺរបេងនិងបង្កើនការទទួលបានការបង្ការថែទាំជំងឺរបេង។

ជាមួយគ្នានេះដែរ លោកស្រីនាយិកា Power ក៏បានប្រកាសអំពីការសន្យាផ្តល់មូលនិធិចំនួនជាង១លានដុល្លារ សម្រាប់ការងារសហការជាមួយនឹងអង្គការ UNICEF និងរាជរដ្ឋាភិបាលកម្ពុជា។ ការសហការនេះ រួមមានការគាំទ្រការអង្កេតថ្នាក់ជាតិដំបូង ដើម្បីវាយតម្លៃកម្រិតនៃធាតុដែកធ្ងន់ដូចជាជាតិសំណរ និងជាតិអាសេនិក ក្នុងចំណោមកុមារ ស្ត្រីមានផ្ទៃពោះ ក្នុងបរិស្ថាន និងផលិតផលផ្សេងៗ។ លទ្ធផលនៃការអង្កេតនេះនឹងជួយរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើការសម្រេចចិត្តដោយផ្អែកលើភស្តតាង ដើម្បីកែលម្អគោលនយោបាយ ស្ដង់ដារ និងបទបញ្ជាទាក់ទងនឹងសារធាតុលោហៈធ្ងន់ៗ ដើម្បីឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ ហើយអាចបំពេញការងារដោយពេញលេញ។

ទន្ទឹមនឹងនេះ អ្នកស្រីនាយិកា បានលើកឡើងថា យើងទាំងអស់គ្នាមានសុវត្ថិភាពកាន់តែច្រើន នៅពេលដែលជំងឺឆ្លងដូចជាជំងឺរបេងមានកម្រិតទាប ហើយយើងកាន់តែរឹងមាំ នៅពេលយើងទទួលបានការថែទាំសុខភាពដោយស្មើភាពគ្នា។ការវិនិយោគទាំងនេះជំរុញផលប្រយោជន៍រួមរបស់យើង ហើយវាបង្ហាញពីភាពជាដៃគូជ្រាលជ្រៅរវាង USAID និងប្រជាជនកម្ពុជា។ USAID នៅតែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយកម្ពុជាឱ្យសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយកែលម្អសុខភាពរបស់ប្រជាជនកម្ពុជា៕