គ.ជ.ប ថា អ្នកបោះឆ្នោតជាង១១ម៉ឺននាក់នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

0

ភ្នំពេញ៖ ផ្អែកតាមតួលេខបញ្ជីបោះឆ្នោតដំបូង ប្រជាពលរដ្ឋ ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ១១១.៨៨៩នាក់ គ្រាដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីគិតត្រឹមឆ្នាំ២០២៤នេះ មានជាង៩លាន ៩៩ម៉ឺននាក់ (ក្នុងនោះស្រ្តីជាង៥លាននាក់) ស្មើនឹង៨៩,០៧ភាគរយ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី២២ ខែតុលានេះ ឯកឧត្តម យិច សមិទ្ធិ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា អ្នកដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត ដោយសារមូលហេតុផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាម ឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។

ឯកឧត្តម បានបញ្ជាក់ថា «បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ គ.ជ.ប ត្រូវធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ចំនួន៣ច្បាប់ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងសម្រាប់បិទ ផ្សាយជាសាធារណៈ ក្នុងនោះបិទផ្សាយ១ច្បាប់ នៅតាមសាលាឃុំ សង្កាត់, បិទផ្សាយ១ច្បាប់ នៅទីតាំង ណាមួយក្នុងឃុំ សង្កាត់ និងផ្តល់ជូនក្រុមប្រឹក្សាឃុំសង្កាត់១ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់។

សូមបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នា នៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យ អ្នកបោះ-ឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យមើលឈ្មោះ និងទិន្នន័យនៅក្នុងបញ្ជី បោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត គ.ជ.ប បានបង្ហោះ បញ្ជីទាំងពីរនេះ នៅលើគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (App) NEC KH ផងដែរ។

ឯកឧត្តម យិច សមិទ្ធិ បានថ្លែងថា គោលដៅនៃការផ្សព្វផ្សាយ គឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះ បោះឆ្នោតរួចហើយ ទៅពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយអាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់៕