អង្ករកម្ពុជាដែលធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៥ដង បង្ហាញវត្តមានក្នុងពិព័រណ៍អន្តរជាតិនៅទី​ក្រុង​ប៉ារីស

0

បារាំង៖ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក Salon International de l’Alimentation (SIAL) Parisនៅទីក្រុង ប៉ារីសប្រទេសបារាំងបានប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។មានក្រុមហ៊ុនចំនួន ៧​ ៨០០ ក្រុមហ៊ុន​ មកពី​ ១៣០​ ប្រទេស​បានមកចូលរួមតាំងពិព័រណ៍​ និងមានផលិត​ផលចំនួន៤សែនប្រភេទត្រូវបានបង្ហាញ ជាមួយនឹង អ្នកទស្សនាអាជីពជាង២៨ម៉ឺននាក់។ជាមោទកភាព​កម្ពុជាក៏បានចូលរួមបង្ហាញផលិតផលអង្ករល្អបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ កម្រិតពិពលោកនេះដែរ។

សូមជម្រាបថា កាលពីចុងសប្ដាហ៍កន្លទៅនេះ សហព័ន្ធ​ស្រូវអង្ករកម្ពុជាបានដឹកនាំសមាជិកចំនួន១២ក្រុមហ៊ុនដែលជាក្រុមហ៊ុន នាំចេញអង្ករធំរបស់កម្ពុជាចូលតាំង​បង្ហាញ​អង្ករល្អបំផុតជាពូជស្រូវផ្ការំដួលរបស់កម្ពុជា​និងធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន៥ដងនិងអង្ករសែនក្រអូបដែលធ្លាប់បានឈ្នះពានមាសនៅប្រទេសចិនទៅចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោកសម្រាប់ឆ្នាំ២០២៤​ នេះ​ ។

ជាមួយរូបភាពជាច្រើនសន្លឹកលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី២២ ខែតុលានេះសហព័ន្ធស្រូវអង្ករកម្ពុជាគូស​រំលេចថា​ជាការចូលរួមលើកទី២ របស់សហព័ន្ធស្រូវ​អង្ករ​កម្ពុជា ខណៈលើកទី១​ គឺនៅឆ្នាំ២០១៤​និងលើកទី២​នៅឆ្នាំ២០២៤ ជាខួបលើកទី៦០ នៃព្រឹត្តិការណ៍ម្ហូប​អាហារអន្តរជាតិ SIAL Paris នេះផងដែរ។​

គេបានដឹងជាសកលថាកម្មវិធីពិព័រណ៍អន្តរជាតិនេះបានក្លាយជាវេទិកាមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូលនិងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ ក៏ដូចជាតម្រូវការ​អាហារ​ពិភពលោកដោយផ្តោតលើការ​ច្នៃប្រឌិត​ផ្នែក​ចំណីអាហារ និងភេសជ្ជៈ។

បើយោងតាមប្រភពសហព័ន្ធស្រូវអង្ករកម្ពុជា កម្មវិធីតាំង​ពិព័រណ៍ម្ហូបអាហារអន្តរជាតិ​ SAIL Paris ឆ្នាំ២០២៤​ នេះ​ មានក្រុមហ៊ុនចំនួន ៧​ ៨០០ ក្រុមហ៊ុន​ មកពី​ ១៣០​ ប្រទេស​បានមកចូលរួមតាំងពិព័រណ៍​ និងមានផលិតផល​ចំនួន ៤សែនប្រភេទ​ ដែលជាផលិតផលផ្នែក​ចំណី​អាហារ ភេសជ្ជៈ គ្រាប់ធញ្ញជាតិ ។ល។ និងមានអ្នក​ទស្សនា​អាជីពចំនួន (Trade Visitor) ២៨៥ ០០០នាក់ មកពីជាង២០០ ប្រទេស ដែលក្នុងនោះ​ក្រុមហ៊ុនអន្តរជាតិលំដាប់អន្តរជាតិធំៗ​ (Top Buyer)​ ចំនួនជាង ៨ ០០០​ ក្រុមហ៊ុន ដែលមានសមត្ថភាពទិញ (Purchasing Power)​ ក្នុងទំហំទឹកប្រាក់ ៥០បីលាន អឺរ៉ូ​ (50 Billion Euro) ក៏បានចូលរួមផងដែរ។

នៅក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះដែរ ពន្លាសហព័ន្ធ​ស្រូវ​អង្ករកម្ពុជា​ ក៏ទទួលបាននូវកិត្តិយស​ និងការគាំទ្រ​តាមរយ:ការ ចូលរួមទស្សនាដោយផ្ទាល់ពីថ្នាក់ដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា​ ជាពិសេសក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ងិន ឆាយ​ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក​ដ្ឋាន​កសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងសហគ្រិនខ្មែរ តំណាងគម្រោង Feed the Future Harvest III​និងភ្ញៀវអន្តរជាតិជាច្រើន​ទៀត។

សូមជម្រាបជូនថា ការចូលរួមរបស់សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា និងសមាជិក​ ត្រូវបានចូលរួមគាំទ្រដោយ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគម្រោងរបស់ទីភ្នាក់ងារសហរដ្ឋ អាមេរិក​សម្រាប់​អភិវឌ្ឍន៍អន្តរជាតិ (USAID)​ តាមរយៈគម្រោង Feed the Future Cambodia Harvest III។

ក្រុមហ៊ុននាំចេញអង្ករទាំង១២ ដែលបានចូលរួម​តាំងពិព័រណ៍រួមមាន៖

1. KOMPONGTHOM RICE MILL LIMITED

2. DAILY FRESH FOODS (CAMBODIA) CO., LTD.

3. EANG HEANG IMPORT EXPORT CO., LTD.

4. SIGNATURES OF ASIA CO., LTD.

5. CITY RICE IMPORT EXPORT CO., LTD.

6. FEDRICE BATTAMBANG LTD.

7. LOR EAK HENG SEK MEAS CO., LTD.

8. INDOCHINA RICE MILL LIMITED

9. AMRU RICE (CAMBODIA) CO., LTD.

10. KHMER FOODS GROUP CO., LTD.

11. PRIMALIS CORPORATION LTD.

12. GOLDEN RICE (CAMBODIA) CO., LTD.