កំពង់ស្ពឺ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្រសួងនឹងធ្វើការស្តុកទឹកទុកឱ្យបានច្រើនជាអតិបរមានូវបរិមាណទឹកភ្លៀងជាប្រព័ន្ធដំណាក់បន្ត (Cascade Systems) នៅក្នុងតំបន់ជ្រលងភ្នំក្រវាញ ភ្នំឱរ៉ាល់ និងតំបន់ជ្រោះពេជ្រនិល ដើម្បីជួយកាត់បន្ថយធារទឹករបស់ស្ទឹងព្រែកត្នោត។
ការបញ្ជាក់នេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ភ្នំក្រវាញ ភ្នំឱរ៉ាល់ និងតំបន់ជ្រោះពេជ្រនិល ដើម្បីធ្វើការរៀបចំយុទ្ធសាស្ត្រក្នុងការស្តុកទឹកជាប្រព័ន្ធដំណាក់បន្តឱ្យបានច្រើន កាត់បន្ថយធារទឹកស្ទឹងព្រែកត្នោត។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងឱ្យដឹងថា ការចុះពិនិត្យជាក់ស្តែងនាពេលនេះ គឺដើម្បីវាយតម្លៃធ្វើការរៀបចំយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង បញ្ជា និងប្រើប្រាស់ទឹកប្រកបដោយស័ក្តិសិទ្ធិភាព ក្នុងរដូវវស្សា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ទឹកដែលបានស្ដុកទុកនឹងបញ្ចេញមកវិញនៅរដូវប្រាំង ដើម្បីជួយដោះស្រាយនូវបញ្ហាគ្រោះរាំងស្ងួត ព្រមទាំងជាប្រភពទឹកដ៏ល្អសម្រាប់បម្រើវិស័យគមនាគមន៍ផ្លូវទឹក អេកូទេសចរណ៍ កសិកម្ម និងសម្រាប់បម្រើឱ្យការចញ្ចឹមសត្វគ្រប់ប្រភេទ ហើយផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងឧស្សាហកម្ម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចុះពិនិត្យទីតាំងដំឡើងស្ថានីយបូមទឹកទំនើបពាមសត្ថា ដែលមានសក្តានុពលជួយស្រូបយកទឹកពីទិសខាងលិចរាជធានីភ្នំពេញចូលទៅក្នុងអាងទន្លេសាប៕