ពិធីប្រណាំងទូកនៅបាត់ដំបងរយៈពេលពីរថ្ងៃ បិទបញ្ចប់ប្រកបដោយជោគជ័យ

0

បាត់ដំបង៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងចេញព្រះវស្សារយៈពេលពីរថ្ងៃនៅខេត្តបាត់ដំបង បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ក្នុងនោះពិធីប្រណាំងទូកគឺមានទូកទាំងខ្នាតវែង និងខ្នាតខ្លីមកពីបណ្តាស្រុកនានាសរុបចំនួន៤២ទូកចូលរួម និងមានកីឡាករកីឡាការិនីចំណុះទូកសរុបជាង១.៤០០នាក់។ គណៈកម្មការរៀបចំការប្រកួតបានប្រកាសឱ្យដឹងថា ជ័យលាភីចំណាត់ថ្នាក់លេខ១បានទៅលើទូក ង ខ្នាតវែងចំណុះ៧៤នាក់ ឈ្មោះ “នរិន្ទរង្សីពិជ័យចិត្របុត្រ” ចំណាត់ថ្នាក់លេខ២បានទៅលើទូកឈ្មោះ “ឈើទាលសជ័យបារមីភ្នំបាណន់” ចំណាត់ថ្នាក់លេខ៣ទូកឈ្មោះ “អ្នកឧកញ៉ាភូពុយសុវណ្ណរាជសីបារមីមហានគរ” និងលេខ៤បានទៅទូក “សុវណ្ណភេត្រាបាត់ដំបងសជ័យ”។

បើតាមប្រសាសន៍របស់លោក ហម អរុណ អនុប្រធានមន្ទីទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា នៅថ្ងៃទី១នៃការប្រកួត មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តចំនួនជាង៤៦០០០០នាក់ និងនៅថ្ងៃទី២គឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវច្រើនជាងថ្ងៃទី១បន្តិច ហើយសរុបទាំងពីរថ្ងៃខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរប្រមាណ១លាននាក់ចូលមកទស្សនាកម្សាន្ត ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីបនេះ។

ពិធីប្រណាំងទូក និងបណ្ដែតប្រទីប បានប្រព្រឹត្តទៅលើបណ្តោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីជ្រើសរើសទូកទៅចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកនៅទូទាំងប្រទេសនាពេលខាងមុខ។ កម្មវិធីប្រណាំងទូកនេះទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការនានាជុំវិញខេត្តព្រមទាំងមានការចូលរួមទស្សនាពីប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិយ៉ាងច្រើនកុះករ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ក្នុងពិធីប្រគល់ពានរង្វាន់ដល់ទូកជ័យលាភីកាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ថា ពិធីបុណ្យអុំទូកគឺជាទំនៀមទម្លាប់ប្រពៃណីជាតិដ៏រុងរឿងជាពិសេសសម្រាប់ខេត្តបាត់ដំបង ជាការបង្កើតឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយក្រោមម្លប់សន្តិភាព។

ទន្ទឹមនឹងនេះ ក្នុងពេលបិទកម្មវិធីប្រណាំងទូកនៅខេត្តបាត់ដំបងក៏មានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្តល់កិត្តិយសដង្ហែប្រទីបយកទៅបណ្ដែតក្នុងស្ទឹងសង្កែ ដើម្បីសម្តែងកតញ្ញូតាធម៌ចំពោះព្រះគង្គា ដែលបានផ្តល់ដី និងទឹកដ៏មានជីវជាតិបម្រើដល់វិស័យកសិកម្ម និងទ្រទ្រង់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៃខេត្តជង្រុកស្រូវដ៏ធំនេះ៕