ធនាគារជាតិនៃកម្ពុជា និង Ant International នៃប្រទេសសិង្ហបុរី ដាក់ឱ្យដំណើរគម្រោងទូទាត់ឆ្លងដែនតាម QR Code

0

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន Ant International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រកាសដាក់​ឱ្យដំណើរ​ការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code ) តាមរយៈប្រព័ន្ធបាគង និងកម្មវិធីទូទាត់ Alipay+ ដើម្បីជួយ​សម្រួល​ដល់ការទូទាត់របស់ភ្ញៀវទេសចរ និងការលក់រាយនៅកម្ពុជាឱ្យកាន់​តែងាយស្រួល។រហូតមកដល់ពេលនេះធនាគារជាតិនៃ​កម្ពុជា បាន​ដំណើរការដោយជោគជ័យនូវគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសចំនួន៥រួចមកហើយ។

ពិធីសម្ពោធបាន​ប្រព្រឹត្ត​ទៅកាលពីដើមសប្ដាហ៍នេះ​នៅ​សណ្ឋាគារ​សូហ្វីតែល រាជធានីភ្នំពេញក្រោម​អធិបតីភាព​របស់លោកជំទាវ​បណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោក Edward Yue អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែល​សេឡង់ នៃក្រុមហ៊ុន Ant International ព្រមទាំងតំណាងគ្រឹះស្ថាន​ធនាគារនិងហិរញ្ញវត្ថុផងដែរ។ តាម​រយៈ​​ក្របខ័ណ្ឌនៃកិច្ច​សហ​ប្រតិបត្តិការនេះ អ្នកប្រើប្រាស់បណ្តាញ Alipay+ អាចស្កេនខេ​អេចឃ្យូអរកូដ (KHQR Code) ដើម្បីទូទាត់ថ្លៃទំនិញ និងសេវារបស់​អាជីវករនៅប្រទេសកម្ពុជា ដែលមានគណនីជាប្រាក់រៀល។

សំដៅលើព្រឹត្តិការណ៍ដ៏មានន័យនេះលោកជំទាវបណ្ឌិត ជា សេរី បានពណ៌នាថា នេះជាកិច្ចសហប្រតិបត្តិការរវាង Ant International និងធនាគារជាតិនៃកម្ពុជា ដែលនឹងអនុញ្ញាតឱ្យអតិថិជនរបស់ Alipay+ មកពី ៩ ប្រទេស មក scan KHQR នៅកម្ពុជា។ កិច្ចសហ​ប្រតិបត្តិការនេះនឹងជួយសម្រួលភ្ញៀវទេសចរ និងការលក់រាយ​នៅកម្ពុជាឱ្យកាន់តែងាយស្រួល។ ចំពោះ​ដំណាក់កាលបន្ទាប់ អ្នក​ប្រើប្រាស់ app Bakong នឹងអាច scan Alipay នៅប្រទេស ចិន និង Alipay+ នៅប្រទេសដទៃដោយ​ងាយស្រួល។ សូមបញ្ជាក់ថា ការប្រើ​ប្រាស់នេះគឺសម្រាប់តែគណនីប្រាក់រៀលតែប៉ុណ្ណោះ។

លោកជំទាវបណ្ឌិតទេសាភិបាលធនាគារ​ជាតិ​នៃកម្ពុជា​បានលើក​ទឹកចិត្តឱ្យអ្នកលក់ទាំងអស់មាន KHQR និងគណនីប្រាក់រៀល​ដើម្បី​ទទួលបានផលប្រយោជន៍ទាំងនេះ។លោកជំទាវបណ្ឌិតបន្ថែម​ថា កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកយ៉ាង​សំខាន់​ដល់ការលើក​កម្ពស់​សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងបរិយាបន្នហិរញ្ញវត្ថុ​នៅក្នុងប្រទេសកម្ពុជា និងតំបន់។កម្មវិធីទូរស័ព្ទ ដូចជា Alipay និងដៃគូ Alipay+ ផ្សេងទៀត បាន​ដំណើរការប្រតិបត្តិការរាប់មិនអស់​នៅទូទាំងពិភពលោក សម្រួលដល់​ដំណើរការទិញ និងធ្វើឱ្យការទិញ​ទំនិញ ម្ហូបអាហារ និងការទិញប្រចាំថ្ងៃទាំងងាយស្រួល និងមាន​សុវត្ថិភាព។

កិច្ចសហការនេះគឺជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីជំរុញឌីជីថលូប​នីយ​កម្មនៅទូទាំង​ប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការនៃគម្រោងទូទាត់ QR Code ឆ្លងព្រំដែនរវាងបាគង និង Alipay+ នឹងលើក​កម្ពស់កិច្ចសហ​ប្រតិបត្តិការហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់​អត្ថប្រយោជន៍​ដល់អ្នកប្រើប្រាស់។

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការងារអាទិភាពមួយក្នុងចំណោម​ការងារអាទិភាពសំខាន់ៗរបស់​ធនាគារជាតិនៃកម្ពុជា គឺការ​បន្តពង្រឹង និងធ្វើទំនើបកម្មការទូទាត់ឆ្លងដែននៅក្នុងតំបន់អាស៊ី និងប្រទេស​ដៃគូ។ រហូតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជា បានដំណើរការ​ដោយជោគជ័យនូវគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសថៃ វៀតណាម ឡាវ កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម។

សូមជម្រាបថា ក្រុមហ៊ុន Ant International មានទីស្នាក់ការ​កណ្តាលនៅប្រទេសសិង្ហបុរី គឺជាក្រុមហ៊ុនដ៏លេចធ្លោមួយ ផ្តល់​នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ ផលិតផល​របស់ខ្លួន AliPay+ (AliPay Plus) ត្រូវបានរៀបចំឡើង ដើម្បីជួយ​សម្រួលប្រតិបត្តិការសម្រាប់ដៃគូទូទាត់អន្តរជាតិជាង ១០ នៅកម្ពុជា រួមទាំង AliPay ពីប្រទេសចិន រួមជាមួយនឹង​ក្រុមហ៊ុនផ្សេងទៀតដូចជា Touch ‘n Go ពីម៉ាឡេស៊ី Kakao Pay ពីកូរ៉េខាងត្បូង និង OCBC ពីសិង្ហបុរី៕