ទំនប់អាងទឹកចំនួនបី ដែលមានសមត្ថភាពស្តុកទឹកជាង១២លានម៉ែត្រគូបនៅខេត្តមណ្ឌលគិរីជាខេត្តភាគឦសាននឹងសម្ពោធ
ដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។សមិទ្ធផលថ្មីនេះនឹងត្រូវប្រើប្រាស់ជាពហុវិស័យបម្រើដល់ការលើកកម្ពស់ជីវភាពប្រជាជន និងកំណើនសេដ្ឋកិច្ចនៅទីនោះ។
គប្បីជម្រាបជូនថា ក្រសួងធនធានទឹក និងឧតុនិយមដោយមានការគាំទ្រពីរាជរដ្ឋាភិបាលជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យ ក្នុងខេត្តមណ្ឌលគិរីដោយបានកសាងទំនប់អាងទឹក មួយចំនួនដូចជា ទី១.ទំនប់អូរតេស្ថិតក្នុងស្រុកអូររាំង ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប , ទី២.ទំនប់លើស្ថិតក្នុងក្រុងសែនមនោរម្យ ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ២១ម៉ឺនម៉ែត្រគូបនិងទី៣.ទំនប់ក្រោម ស្ថិត ក្នុងក្រុងសែនមនោរម្យ ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ២២ម៉ឺនម៉ែត្រគូបដើម្បីផ្គត់ផ្គង់ទឹកសម្រាប់បម្រើ លើគ្រប់វិស័យតាមសេចក្តីត្រូវការរបស់ខេត្ត បម្រើឱ្យការផលិតទឹកស្អាត និងការស្រោចស្រពផ្ទៃដីផលិតកម្មកសិកម្ម។
មុននឹងឈានដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះ កាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តាមការណែនាំរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងាររៀបចំទីតាំងត្រៀមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេ ទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងភូមិសាស្រ្តក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាពេលខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យការងារនាពេលនេះ ដើម្បីឱ្យប្រាកដច្បាស់ថាគ្រប់បទបញ្ជា និងការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្ឋាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ស្តីពីការងាររៀបចំសណ្តាប់ធ្នាប់ និងការតុបតែងលម្អបានអនុវត្តរួចរាល់ និងមានលក្ខណៈកាន់តែប្រសើរឡើង៕