ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយសភាតំបន់អាស៊ី (APA) បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ជុំវិញសេចក្តីសម្រេចទាំង១៤ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពី កិច្ចការសង្គម និងវប្បធម៌ ដោយគូសបញ្ជាក់ពីសារសំខាន់ដែលផ្សារភ្ជាប់រវាងវប្បធម៌ ជាមួយសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី។
ឯកឧត្តម បានជម្រាបជូនអង្គប្រជុំអំពី ភាពសម្បូរបែបនៃសម្បត្តិវប្បធម៌កម្ពុជារួមមាន ប្រាសាទអង្គរវត្ត ដែលជាសំណង់សក្ការបូជាធំបំផុតនៅក្នុងពិភពលោក និងប្រាសាទចំនួនប្រមាណ ៤,០០០ ផ្សេងទៀត។ ជាមួយស្នាមញញឹម ប្រកបដោយភាពរាក់ទាក់របស់ប្រជាជន កម្ពុជាគឺជា ព្រះរាជាណាចក្រអច្ឆរិយ និងស្នាមញញឹម (Kingdom of wonders and smiles) ។ ប្រាសាទបុរាណទាំងអស់គឺជា ដួងព្រលឹងរបស់មនុស្សជាតិ ដែលចាំបាច់ត្រូវតែថែរក្សា មិនថាប្រាសាទទាំងនោះស្ថិតនៅប្រទេសណានោះទេ។ ប្រាសាទគឺជាគ្រឹះសម្រាប់ការស្វែងយល់អំពី វប្បធម៌ របស់ប្រទេសនីមួយៗ ហើយជួយទាក់ទាញភ្ញៀវទេសចរ និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។
ទន្ទឹមនេះ ឯកឧត្តមបានស្នើឱ្យបង្កើនភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដើម្បីការពារសម្បត្តិវប្បធម៌ ជំរុញវិស័យទេសចរណ៍ និងធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាសមាជិកនៃ APA ទាំងអស់។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានសង្កត់ធ្ងន់អំពី គុណតម្លៃនៃសន្តិភាព ដោយលើកឡើងថា កម្ពុជាធ្លាប់ឆ្លងកាត់សោកនាដកម្ម ដោយសារសង្គ្រាមរាំរ៉ៃ ដែលបាននាំឱ្យមានការបែកបាក់ជាតិ ប្រជាជនរងទុក្ខវេទនា ហើយការអភិវឌ្ឍសេដ្ឋកិច្ចបានដើរថយក្រោយគ្រប់វិស័យ រួមទាំងវិស័យវប្បធម៌ និងទេសចរណ៍។ ទម្រាំទទួលបានសន្តិភាព និងអភិវឌ្ឍភាពដូចសព្វថ្ងៃ កម្ពុជាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងរួមគ្នាទាំងផ្ទៃក្នុងជាតិ និងការជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្ត។ កម្ពុជាត្រូវបានចាត់ទុកជាគំរូនៃប្រទេស ដែលអាចងើបពីសង្រ្គាម និងមានលទ្ធភាពថែរក្សាបាននូវប្រពៃណីវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្លួនបានយ៉ាងរឹងមាំ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងថា កម្ពុជាយល់ច្បាស់ពីការឈឺចាប់ និងទុក្ខវេទនា ដោយសារជម្លោះប្រដាប់អាវុធ នៅតំបន់ផ្សេងៗក្នុងពិភពលោក ហើយកម្ពុជាមានឆន្ទៈចែករំលែកបទពិសោធន៍ ដល់បណ្តាប្រទេសជាមិត្ត។ យើងជាសមាជិកសភា មានតួនាទីសំខាន់ក្នុងការធានា ឱ្យមានការគោរពគ្នាទៅវិញទៅមក ដើម្បីយើងអាចទទួលបាននូវការរួមរស់ជាមួយគ្នាដោយ សន្តិសហវិជ្ជមាន និងការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា៕