រហូតមកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់ហើយ ជាមួយថវិកាប្រមាណ២១លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលសម្រាប់សាងសង់ផ្លូវក្រវ៉ាត់តាមព្រំដែន។
ដោយសង្កេតឃើញចលនានៃការបរិច្ចាគ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ ព្រំដែន នៅតែមានការចូលរួមជាហូរហែនោះ ក្រុមការងារនឹងបន្តទទួលថវិការហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
យ៉ាងណាក៏ដោយគិតមកដល់ពេលនេះ ចំនួនទឹកប្រាក់ខាងលើ គឺស្មើប្រមាណ១០ភាគរយ នៃគម្រោងចំណាយសម្រាប់សាងសង់ខ្សែក្រវ៉ាត់ព្រំដែន ខណៈសម្តេចធិបតីកាលពីខែកក្កដាកន្លងនេះ បានចុះហត្ថលេខាលើថវិកាជាង២០០លានដុល្លារ ដើម្បីបញ្ចប់ផែនការធ្វើផ្លូវក្រវ៉ាត់ព្រំដែន នៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខ ដើម្បីជួយជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនដាច់ស្រយាល។
សម្តេចធិបតីបានបញ្ជាក់ថា ថវិកានេះសម្រាប់ធ្វើផ្លូវនៅសល់ប្រមាណ១,៣០០គីឡូម៉ែត្រទៀត ខណៈការកសាងផ្លូវក្រវាត់ព្រំដែន នៅជាប់ប្រទេសទាំង៣ ឡាវ-ថៃ-វៀតណាម ដែលបានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន បានសម្រេចចំនួន ១៣០០គីឡូម៉ែត្រហើយ ។
យោងតាមប្រសាសន៍សម្ដេចធិបតី កាលពីថ្ងៃទី៦ ខែសីហា បានអោយដឹងថា កម្ពុជាធ្វើផ្លូវនៅតាមបន្ទាត់ខ្សែព្រំដែន ចំនួន២ គឺផ្លូវខ្សែទី១ គឺផ្លូវសេដ្ឋកិច្ច ដែលយើងធ្វើនៅខាងក្នុង អាចចំងាយមួយគីឡូម៉ែត្រ ពីរគីឡូម៉ែត្រ ឬបួនគីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែន ខណៈផ្លូវខ្សែទី២ គឺផ្លូវក្រវ៉ាត់ព្រំដែន ដែលធ្វើកៀកខ្លាំងនឹងព្រំដែន កន្លែងខ្លះមានចម្ងាយត្រឹម ១០ ទៅ ៣០ ម៉ែត្រពីបង្គោលព្រំដែនប៉ុណ្ណោះ។
សូមបញ្ជាក់ថា បច្ចុប្បន្ន បង្គោលព្រំដែនភាគច្រើន យើងពិបាកធ្វើដំណើរចូលកៀកដោយសារគ្មានផ្លូវ។ ដូចនេះយើងអាចនិយាយបានថា ថវិកាដែលប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋាភិបាលសម្រាប់ធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែននៅពេលនេះ បានចូលរួមចំណែកការពារទឹកដីផង និងបានជួយធ្វើអោយប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ មានលទ្ធភាពជិះយានយន្តធ្វើដំណើរនៅលើផ្លូវនោះផង ដើម្បីមើលបង្គោលព្រំដែនបានយ៉ាងកៀក និងមើលឃើញយ៉ាងច្បាស់ថា តើខ្មែរបានបាត់បង់ទឹកដីទៅប្រទេសជិតខាងដូចក្រុមប្រឆាំងបានឃោសនា មែនឬមិនមែន? ៕