ការងារដាក់លូជ្រុងខ្នាតធំមុខកាត់ទំហំ៤ម៉ែត្រគុណ២ម៉ែត្រ ១ខ្សែប្រវែង១៧៩ម៉ែត្រ លើបណ្ដោយផ្លូវ២៣០ (ផ្លូវកោសដូង) ចាប់ពីភ្លើងស្តុប២៣០ កែងមហាវិថីម៉ៅសេទុង ដល់ប្រឡាយបឹងសាឡាង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបានចាប់ផ្តើមការដ្ឋានកាលពីថ្ងៃ១៩ ខែសីហា កន្លងមក គិតមកដល់ពេលនេះ សម្រេចបាន៧០ភាគរយហើយ និងគ្រោងបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាមួយការអ៊ុតកៅស៊ូពីលើផងដែរ នៅពេលការដ្ឋានដាក់លូនេះបានរួចរាល់។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ថា ការដ្ឋានដាក់លូខ្នាតធំនេះក្រោយស្ថាបនារួចរាល់អាចនឹងរំដោះទឹកជំនន់ទឹកភ្លៀងនៅតំបន់ម៉ុងឌីយ៉ាល់បានយ៉ាងល្អប្រសើរ នៅក្នុងរដូវវស្សា។ ការដ្ឋាននេះស្ថិតក្នុងគម្រោងរបស់ថ្នាក់ជាតិ អនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាក្រុមហ៊ុន ដែលមានការផ្គត់ផ្គង់ និងដំឡើងលូជ្រុងមុខកាត់ទំហំ៤ម៉ែត្រ កម្ពស់២ម៉ែត្រ។
សូមជម្រាបជូនថាការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ108BT ទំហំ ៤ម៉ែត្រx២ម៉ែត្រ មានប្រវែង១៩៧ម៉ែត្រ បានដំណើរការ កាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិចនៅតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ក៏ជាគម្រោងរបស់ថ្នាក់ជាតិអនុវត្ត ដោយក្រុមហ៊ុន Precast Plants នេះដែរ។
ជាមួយគ្នានេះដែរ ការដ្ឋានដាក់លូប្រអប់ទំហំ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែង៥៦៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងគម្រោងស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថីស៊ីជីនពីង ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបាន និងកំពុងអនុវត្តដោយក្រុមហ៊ុន Precast Plantsនេះ ក៏ស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ឋលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ៕