អ្នកជំនាញអាជ្ញាធរជាតិអប្សរា រៀបចំការងារត្រៀមជួសជុលខ្លោង​ទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី

0

ខណៈនេះខ្លោងទ្វារទី២នៃប្រាសាទបន្ទាយប្រី ដែលមានសភាព​ទ្រុឌទ្រោម​ខ្លាំង ហើយថ្មមួយចំនួនបានធ្លាក់នៅរាយប៉ាយ និងមួយ​ចំនួនទៀត​កប់​​ក្នុងដី ត្រូវបានក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា​នៃអាជ្ញាធរជាតិអប្សរា ស្វះស្វែងផ្គុំឡើងវិញ។

អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤បានលោក ជា សារិទ្ធិ បុរាណវិទូ អ្នកគ្រប់គ្រងការដ្ឋានមកបញ្ជាក់ថា ខ្លោងទ្វារ​ទី២នេះ មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយផ្នែកខ្លះនៃរចនាសម្ពន្ធខ្លោងទ្វារ​បានរលុះធ្លាក់ចេញទីតាំងដើម ដោយសារតែកង្វះ​ការថែទាំ អាយុកាល​នៃសំណង់គ្រឹះចុះខ្សោយ និងគុណភាពថ្មមួយចំនួនពុកផុយជាដើម។ អ្នកជំនាញរូបនេះបន្តថា ក្នុងឆ្នាំ២០២៤ ក្រុមការងារបានស្រាវជ្រាវ​ឯកសារ ធ្វើសម្រង់ប្លង់ កំណាយរកថ្ម រៀបផ្គុំថ្មសាកល្បង ជួសជុលគ្រឹះ នឹងបន្តជួសជុលតួខ្លោងទ្វារក្នុង​ឆ្នាំ២០២៥ខាងមុខ។

បើតាមលោក សារិទ្ធិ ការងាររកថ្មដែលចាប់ផ្ដើមតាំងពីពាក់កណ្តាល​ខែសីហាមក រកឃើញថ្មប្រមាណពី៧០ ទៅ៨០ភាគរយ ដែលជា​ផ្នែកនៃរចនាសម្ពន្ធហោជាង និងដំបូលនៅទិសខាងកើត ទិសខាងជើង និងទិសខាងលិច រួមទាំងជញ្ជាំងជ្រុងពាយ័ព្យផង ។

ចំណែកអ្នកជំនាញស្វែងរកថ្ម លោក ស្វើយ សុផល ឱ្យដឹងថា ទោះបី​ខ្លោងទ្វារប្រាសាទបន្ទាយប្រី មានសភាពតូចនិងថ្មមានចំនួន​តិចក្តី ក៏មិនមានភាពងាយស្រួលប៉ុន្មានឡើយ។ ការស្វែងរកទីតាំងដើមនៃថ្ម​នីមួយៗ ត្រូវដឹងពីដំណរថ្មពីមួយដុំទៅមួយដុំទៀត ដែលទាមទារការព្យា​យាម និងភាពអត់ធ្មត់។ ម្យ៉ាងទៀត ថ្មមួយចំនួនបានបាត់បង់ និងខូច​ខាតធ្វើឱ្យពិបាកសម្គាល់។ ទោះបីយ៉ាង​ណា ក្រុមការងារបានខិតខំឱ្យ​ស្វែង​រកថ្ម​ដើម្បីយកមកបំពេញនូវរចនាសម្ពន្ធខ្លោងទ្វារឱ្យរឹងមាំ​ឡើងវិញ៕