ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា បច្ចុប្បន្ន បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានល្អ និងផ្តល់សេវាសាធារណៈជូនពលរដ្ឋបានលឿន និងរហ័សបែបនេះ ក្នុងឱកាសដែលឯកឧត្តម និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន១៧៣៣២បណ្ណ ស្ថិតក្នុងសង្កាត់វាំងចាស់ ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណដល់មន្ត្រីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងមូលដ្ឋាន ដែលបាន និងកំពុងបន្តប្រឹងប្រែង ក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងតំបន់គោលដៅយ៉ាងយកចិត្តទុកដាក់ និងមិនគិតដល់ថ្ងៃឈប់សម្រាក។ ទាំងអស់នេះបានបង្ហាញពីការខិតខំបំពេញការងារ ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បម្រើប្រជាពលរដ្ឋក្នុងខេត្តឱ្យមានភាពកក់ក្តៅ និងកាន់តែជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន និងជាពិសេសលើការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍មូលដ្ឋាន កាន់តែរីកចម្រើនឥតឈប់ឈរ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសំណូមពរ និងលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវបង្កើនការយកចិត្តទុកដាក់ ដើម្បីពិនិត្យឡើងវិញនូវសំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដែលមិនទាន់បានដោះស្រាយ ហើយប្រញាប់ប្រញាល់រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស៎។
ឯកឧត្តមបានសង្កន់ធ្ងន់ថា អ្វីដែលសំខាន់ជាងនេះ គឺរាជរដ្ឋាភិបាលចង់បានមតិយោបល់ និងសំណូមពរពីប្រជាពលរដ្ឋ ក្រោយការដាក់ចេញនូវគោលនយោបាយ និងលទ្ធផលការងារ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកម្រិតណា ហើយបងប្អូនត្រូវការអ្វីបន្ថែមទៀត ដើម្បីឱ្យរដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិគិតគូរដោះស្រាយអំពីសំណូមពរចំគោលដៅដែលបងប្អូនប្រជាពលរដ្ឋយើងចង់បាន ក្នុងការអភិវឌ្ឍមូលដ្ឋាន ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ពុកម៉ែ បងប្អូនកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានកិច្ចសហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យគ្រួសារក្រីក្រពិតប្រាកដ មានឈ្មោះក្នុងបញ្ជីគ្រួសារក្រីក្រ ឱ្យបានចប់សព្វគ្រប់ នៅដំណាច់ឆ្នាំ២០២៤៕