សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន្តនៃប្រទេសរបស់ខ្លួន ក៏ដូចជាការធានានូវការការពារទឹកធី អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា បើទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA ក៏ដោយ។ ការបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើងនៅក្នុងសារសំឡេងពិសេសមួយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
តាមសម្តេចធិបតី បានបន្តថា ការអភិវឌ្ឍតំបន់ភូមិភាគឦសាន្ត គឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅផ្ទាល់នៅខេត្តភូមិភាគឦសាន្តផ្ទាល់តែម្តង ដូច្នេះការបន្តគោលនយោបាយជំរុញអភិវឌ្ឍភូមិភាគឦសាន្តរបស់កម្ពុជា នៅរក្សាដដែលមិនមានការប្រែប្រួល ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសាន្តឆ្នាំ២០២៥។
គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក។ ការដកខ្លួនេះ ដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕