ក្នុងរយៈពេលជាងពីរទសវត្សរ៍ ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន លើគ្រប់វិស័យ ជាពិសេសការសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយវិបុលភាពសម្រាប់ប្រជាជនទូទាំងប្រទេស។
តាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ នៅមុនដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩ និងបានប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ និងកំពុងត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបាននិងកំពុងបោះជំហានឆ្ពោះទៅមុខ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សារលិខិតខាងលើ បានបន្តថា កម្ពុជាដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមរាំងជល់ និងពឹងផ្អែកលើជំនួយបរទេស បច្ចុប្បន្នកម្ពុជាអាចឈរបានដោយខ្លួនឯង និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ព្រមទាំងពង្រីកមហិច្ឆតា លើកស្ទួយមោទនភាពជាតិឱ្យខ្ពស់រុងរឿងដូចពីអតីតកាល។ ក្នុងបុព្វហេតុនេះ កាលពីថ្ងៃទី០៥ ខែសីហា កន្លងទៅ កម្ពុជាបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយមានការឯកភាពជាតិពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេសប្រកបដោយមោទនភាព ដែលគម្រោងជាប្រវត្តិសាស្ត្រនេះ នឹងផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យដឹកជញ្ជូន ការវិនិយោគ បង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណប ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង ទេសចរណ៍ជាដើម ដើម្បីបន្សល់ទុកជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់កូនចៅខ្មែរគ្រប់ជំនាន់។
លើសពីនេះទៀត ដើម្បីធានានូវសុខសន្តិភាព រាជរដ្ឋាភិបាលបានបន្តគិតគូរយ៉ាងម៉ត់ចត់អំពីសុខមាលភាព របស់ប្រជាជន ក្នុងនោះ របបសន្តិសុខសង្គមត្រូវបានបម្រើកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការធានាបាននូវសង្គតិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាព របស់ប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងអស្ថិរភាពសង្គម៕