សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាលារាជធានី ត្រៀមរថយន្តជិត៥០០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើត និងខេត្តទិសឦសាន ពេលភ្ជុំបិណ្ឌដោយឥតគិតថ្លៃ

0

ដើម្បី​អបអរសាទរ ពិធីបុណ្យ​ជាតិ​ដ៏​ធំ ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ពោល​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រៀបចំ​រថយន្តក្រុង​ជិត​៥០០​គ្រឿង សម្រាប់​ដឹក​ពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត ក្នុង​នោះ​រថយន្ត​៥៦​គ្រឿង សម្រាប់​ពលរដ្ឋ ដែល​ចង់​មានដំណើរ​កម្សាន្ត ទៅ​កាន់​ខេត្ត​ទិសឦសាន ដោយ​ឥត​គិតថ្លៃ និង​ធ្វើ​ឱ្យ​បាន​ល្អ​ប្រសើរ​ដូច​រាល់ដង​។

ក្នុង​ឱកាស​អញ្ជើញ​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន សាងសង់​អគារ​បន្ថែមចំនួន​០៣ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រួម​មាន អគារ​មជ្ឈមណ្ឌល​កណ្តាល អគារ​ចំណត និង​រោង​ជាង និង អគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ក្លូ​ត្រុ​ង នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា នៅ​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្តក្រុង រហូត​ទៅ​ដល់​ជិត​៥០០​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹង​ទទួល​បាន​ឱកាស​ឈប់​សម្រាក​ពី​ការងារ ទៅ​កាន់​ស្រុក​កំណើត ដោយ​ឥត​គិតថ្លៃ ដូចដែល​ធ្លាប់​បាន​ធ្វើ​អស់​រយៈកាល​ជា​យូរ​មក​ហើយ ។ ជាង​នេះ​ទៅ​ទៀត មាន​រថយន្ត​ពិសេស​ចំនួន ៥៦​គ្រឿង សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​នៃ​ទិសឦសាន មាន​ដូច​ជា​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្ត​រតនគីរី និង​ខេត្ត​មណ្ឌល​គី​រី ដែល​សុទ្ធតែ​បម្រើ​ជូន​ពលរដ្ឋ ដោយ​ឥត​គិតថ្លៃ​ទាំង​ទៅ​ទាំង​មក និង​ថែម​ទាំង​មានការ​រៀបចំ​ជា​ទឹក​ពិសា​ថែម​ទៀត​ផង ។

តាម​ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី ក្នុង​ឱកាស​នោះ បាន​បញ្ចា​ក់ថា តាម​អ្វី​ដែល​សាលា​រាជធានី​ភ្នំពេញ បាន​រាយការណ៍​ជូន​សម្តេច នឹង​មាន​រថយន្ត ៤៩៧​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត រយៈពេល​៥​ថ្ងៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៤ ក្នុង​នោះ មាន​រថយន្ត​៥៦​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ​ដូច​គ្នា ទៅ​លេង​កម្សាន្ត​ទៅ​កាន់​ខេត្ត​នៃ​ទិសឦសាន​ផង​ដែរ ។

សម្តេច​ធិ​បតី មាន​ប្រសាសន៍​ថា “​សូម​ឯកឧត្តម ឃួ​ង ស្រេង ដើម្បី​ពិនិត្យ​មើល​នៅ​ក្នុង​ការ​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​ផ្ទះ​ស្រុក​កំណើត​របស់​គាត់ លេង​ពេល​ភ្ជុំបិណ្ឌ​នេះ ក៏​ដូច​ជា​ខេត្ត​នៅ​តាម​ទិសឦសាន ដើម្បី​ឱ្យ​បាន​សប្បាយ​ពេល​ភ្ជុំបិណ្ឌ​នេះ ភ្ជុំបិណ្ឌ​ធំ​របស់​យើង​” ។

ជាមួយ​គ្នា​នេះ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរចា​រណ៍ សម្តេច​ធិ​បតី បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​បង្ការ​ឱ្យ​បាន​ខ្ពស់ តាម​រយៈ​ការ​ពង្រឹង​ច្បាប់​ចរាចរ ជា​ពិសេស​ទៅ​លើ​អ្នក​ដែល​បើកបរ​ជាមួយ​ស្ថានភាព​ស្រវឹង​ក្នុង​ខ្លួន​ផង​ដែរ​៕