Home សង្គម អភិបាលខេត្តកំពង់ស្ពឺ៖ បច្ចុប្បន្នបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន

អភិបាលខេត្តកំពង់ស្ពឺ៖ បច្ចុប្បន្នបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន

0

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថាបច្ចុប្បន្នបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយសារអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយបញ្ហា។

ការលើកឡើងរបស់អភិបាលខេត្តខាងលើ​បានធ្វើឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥៧៧២គ្រួសារ ស្មើនឹង១២៥៨៩ក្បាលដី ក្នុងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថា ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណដល់មន្ត្រីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងមូលដ្ឋាន ដែលបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋក្នុងតំបន់គោលដៅយ៉ាងយកចិត្តទុកដាក់ និងមិនគិតដល់ថ្ងៃឈប់សម្រាក។ ទាំងអស់នេះបានបង្ហាញពីការខិតខំបំពេញការងារភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បម្រើប្រជាពលរដ្ឋ ក្នុងខេត្តឱ្យមានភាពកក់ក្តៅ និងកាន់តែជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន និងជាពិសេសលើការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍមូលដ្ឋានកាន់តែរីកចម្រើនឥតឈប់ឈរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរ និងលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវបង្កើនការយកចិត្តទុកដាក់ ដើម្បីពិនិត្យឡើងវិញនូវសំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដែលមិនទាន់បានដោះស្រាយហើយប្រញាប់ប្រញាល់រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

Previous articleរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងគុណភាពការតែងតាំងនាយកបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា
Next articleក្រសួងអប់រំ បដិសេធទាំងស្រុង និងថ្កោលទោសចំពោះ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន