យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថាក្នុងរយៈពេល ៨ខែឆ្នាំនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ចំនួន២៨៧ កើនជាងឆ្នាំមុនចំនួន ១២៣គម្រោង ដែលស្មើនឹង ៧៥ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ចំណែកឯទុនវិនិយោគវិញ បានឡើងដល់ ៤,៧៨៤លានដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹមនេះគម្រោងវិនិយោគទាំងនោះ បានបង្កើតការងារចំនួន ២២៧,៩៦៥កន្លែង ដែលកើនជាងកាលពីឆ្នាំ ២០២៣ ក្នុងរយៈពេលដូចគ្នាចំនួន ៣៣,៤៥៩កន្លែង ក្នុងបរិមាណកំណើន១៧%។
ក្នយងរយៈពេលដដែលខាងលើ គម្រោងវិនិយោគលើវិស័យឧស្សហកម្ម មានការលេចធ្លោ ក្នុងកំណើន១០២ភាគរយ, វិស័យទេសចរណ៍កើន២៨៤ភាគរយ និងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ មានកំណើន៥,២៧៩ភាគរយ ខណៈគម្រោងវិនិយោគលើវិស័យកសិកម្មមានការថយចុះគួរអោយកត់សំគាល់ -៦៣ភាគរយ ។
តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា ចំពោះប្រភពទុនវិនិយោគក្នុងរយៈពេល ៨ខែឆ្នាំ ២០២៤នេះ ចិនមាន៥៦ភាគរយ។ កម្ពុជាក្តោបក្ដាប់យក ៣៦ភាគរយ, សីង្ហបុរីយក៤ភាគរយ, វៀតណាយកចំណែក១ភាគរយ។ ប្រទេសខេមេនអាយស្លេនយកចំណែកបាន១ភាគរយ ហើយប្រទេសផ្សេងៗទៀតមានចំណែក២ភាគរយ។
យោងតាមរបាយការណ៍បានអោយដឹងថា ខេត្តកំពង់ស្ពឺទទួលបាន៦៧ទីតាំងវិនិយោគ, ខេត្តស្វាយរៀង ទទួលបាន៥៤គម្រោង, ខេត្តព្រះសីហនុ បាន៣៨គម្រោង រាជធានីភ្នំពេញបាន៣៥គម្រោង ខេត្តតាកែវ៣០គម្រោងនិងខេត្តកណ្តាលទទួលបាន២៦គម្រោង៕