អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់មន្ត្រី​ក្រោមឱវាទ បន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ

0

កំពង់ស្ពឺ៖ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ធ្វើការ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ស្រុក​ឱ​រ៉ា​ល់ ឱ្យ​បន្ត​ខិតខំ​បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ ព្រមទាំង វិស័យ​ទេសចរណ៍ ជា​ពិសេស​បង្ក្រាប​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង និង​ក្មេង​ទំនើង​។

នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម យឹ​ម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ អភិបាលរង​ខេត្ត លោក​មេបញ្ជាការ​កងកម្លាំង​ទាំង​បី លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលស្រុក​ឱ​រ៉ា​ល់ លោក លោកស្រី​នាយក​នាយករង​ទីចាត់ការ​សាលាខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​នានា​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត គណៈ​បញ្ជាការ​ការ​ស្រុក និង​មន្ត្រីរាជការ​សាលាស្រុក​ជា​ច្រើន​រូប​ទៀត​សរុប​ប្រមាណ​ជា​១០០​នាក់ ពិធី​ប្រារព្ធ​នៅ​សាល​ប្រជុំ​សាលាស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

នា​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​សង្កត់ធ្ងន់ លើ​ការ​ពង្រឹង​សុវត្ថិភាព​សន្តិសុខ​សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ភូមិ ឃុំ​មាន​សុវត្ថិភាព ដូច​ជា ការ​បង្ក្រាប​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិនិត្យ​ជាតិ​ស្រវឹង ក្នុង​ពេល​បើកបរ កុំឱ្យ​មាន​ល្បែង​ជល់​មាន់ និង​ក្មេង​ទំនើង​។

ឯកឧត្តម អភិបាលខេត្ត បន្ដ​ថា រដ្ឋបាល​ស្រុក ត្រូវ​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​ទាំង​អស់នេះ នៅ​តាម​ឃុំ និង​កំណត់​អត្តសញ្ញាណ​ឱ្យ​បាន​ច្បាស់លាស់ និង​រាយការណ៍​មក​គណៈ​បញ្ជាការ​ឯកភាព​ស្រុក និង​ខេត្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ជា​ពិសេស​ក្នុងស្រុក​ឱ​រ៉ា​ល់​នេះ ត្រូវ​បង្កើត​ឱ្យ​មាន​ភូមិ​សរ បន្ត​បង្ក្រាប នៅ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ប្រាសចាក​ពី​ច្បាប់ និង​បង្ក​អសន្តិសុខ​នៅ​តាម​មូលដ្ឋាន អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​អនុវត្តន៍​ទៅ​តាម​និ​តិ​វិធី​ច្បាប់​ផង​ដែរ​៕