មួយសប្ដាហ៍កន្លងទៅកម្ពុជាមានទេសចរជាតិនិងអន្តរជាតិធ្វើដំណើរកម្សាន្តជាង៣២ម៉ឺននាក់

0

ក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤​កន្លង​ទៅនេះ កម្ពុជាមានទេសចរជាតិប្រមាណ ២៨២ ៣០០នាក់ និង​ទេសចរបរទេសប្រមាណ ៤៤ ៦០០នាក់ បានធ្វើដំណើរកម្សាន្ត​នៅ​បណ្តារមណីយដ្ឋាននានា។

ប្រភពដដែលបន្តថា ក្នុងរយៈពេលដូចគ្នានេះដែរ សម្រាប់បណ្ណចូល​ទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូន​ភ្ញៀវទេសចរ​បរទេសសរុបចំនួន ១០ ៩៥៦បណ្ណ និងទទួលបានចំណូលសរុប ៥០៥ ៧០២ដុល្លារអាមេរិក។

ដោយឡែកចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាវិញសរុប ៤៥០ ជើងហោះហើរ ក្នុងនោះអាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញមានចំនួន ៣៤០ ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០០ ជើងហោះហើរនិងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានចំនួន ១០ ជើងហោះហើរផងដែរ។

ថ្មីៗនេះដែរកម្ពុជាត្រូវបានចាត់ទុកជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤ ដោយស្ថាប័នពានរង្វាន់​ទេសចរណ៍ពិភព​លោក។ នេះជាលើកទីបួនហើយដែលកម្ពុជាបានឈ្នះពានរង្វាន់​ដ៏អស្ចារ្យនេះ។

ទន្ទឹមនេះរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែកញ្ញា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប​នឹងមានរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” ដែលព្រឹត្តិការណ៍​នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រមទាំងដើម្បី​ចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេស​ចរណ៍កម្ពុជា-ឥណ្ឌាលើកទី១” និងជាការជំរុញទេស​ចរណ៍ក្នុងស្រុក ក៏ដូចជាគាំទ្រយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួង​ទេសចរណ៍៕