ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនេះ កម្ពុជានឹងទទួលបានហិរញ្ញប្បទាន ដែលមានទឹកប្រាក់ប្រមាណ ២ លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន ៨ គ្របដណ្ដប់លើផ្នែក ទេសចរណ៍ សកម្មភាពដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការកសាង សមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។
សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង បានផ្តល់ហិរញ្ញប្បទានដល់គម្រោងប្រមាណ ៩០ នៅកម្ពុជា ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការរួមចំណែកដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕